សេដ្ឋកិច្ច​

តើអ្នកខ្ចីឥណទាន ពីស្ថាប័នហិរញ្ញវត្ថុ ត្រូវតម្រូវឲ្យមានឯកសារសំខាន់ៗអ្វីខ្លះ?

ភ្នំពេញ៖ អាជីវកម្មមិនថាកម្រិតតូច មធ្យម និងធំ ក្នុងដំណាក់កាលណាមួយ នឹងត្រូវការកម្ចីបន្ថែម សម្រាប់យកទៅប្រើប្រាស់ ក្នុងការចំណាយចាំបាច់ណាមួយ ដូចជា ពង្រីកអាជីវកម្មដើម្បីបំពេញតម្រូវ ការទីផ្សារជាដើម។

បញ្ហានៅត្រង់ថា ត្រូវរៀបចំឯកសារចាំបាច់អ្វីខ្លះ ដើម្បីសម្រួលដល់នីតិវិធីនៅពេលស្នើសុំកម្ចី ការរៀបចំឯកសារទុកជាមុននឹងជួយសន្សំពេលវេលា និងកម្លាំងផងដែរ។ ក្នុងករណីនេះ ម្ចាស់អាជីវកម្ម ឬអ្នកចង់ខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ គួរត្រៀមឯកសារចាំបាច់មួយចំនួនដូចជា៖

របាយការណ៍ហិរញ្ញវត្ថុ (Financial Statements)
ប្រៀបបានទៅនឹងរបាយការណ៍ ដែលរៀបរាប់អំពីស្ថានភាពក្រុមហ៊ុន ម្ចាស់អាជីវកម្មត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទុកសម្រាប់ជាភស្តុតាងផងដែរថា អាជីវកម្មដំណើរការបានល្អ និងសក្តានុពលអាចពង្រីកបាន។ របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗដែលត្រូវរៀបចំមានដូចជា របាយការណ៍ចំណូល-ចំណាយ (Income Statement), តារាងតុល្យការ (Balance Sheet), របាយការណ៍មូលធនទ្រព្យម្ចាស់ (Statement of Owner’s Equity) និងសំខាន់បំផុតគឺរបាយការណ៍លំហូរសាច់ប្រាក់ (Cash Flow Statement) ។

ពត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន
រួមបញ្ចូលផ្នែកជាភាគហ៊ុនក្នុងអាជីវកម្ម ប្រសិនបើជាប្រភេទអាជីវកម្មឯកកម្ម សិទ្ធិ (Sole-Proprietorship) ត្រឹម របាយការណ៍ហិរញ្ញវត្ថុចំណុចខាងលើ ក៏គ្រប់គ្រាន់ តែក្នុងករណីក្រុមហ៊ុន ឬអាជីវកម្មមានម្ចាស់លើសពីម្នាក់ គួរតែមានឯកសារបញ្ជាក់ពីព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់ឲ្យម្ចាស់បំណុល បានដឹងពីលទ្ធភាពសងបំណុល និងស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់ភាគហ៊ុនទាំងអស់។ ចំពោះចំណុចនេះផងដែរ ខាងភាគីម្ចាស់បំណុល ក៏អាចធ្វើការផ្ទៀងផ្ទាត់ តាមរយៈឯកសារអំពីប្រវត្តិឥណទាន តាមរយៈការប្រើសេវាការិយាល័យឥណទានកម្ពុជា (Credit Bureau of Cambodia ឬ CBC)។

ទ្រព្យបញ្ចាំ
ម្ចាស់អាជីវកម្មគួរតែត្រៀមផងដែរនូវទ្រព្យបញ្ចាំ ដែលខ្លួនគិតថាអាចប្រើប្រាស់ជាការធានាក្នុងការស្នើសុំកម្ចី។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើន តែឲ្យតម្លៃទៅទ្រព្យបញ្ចាំណាដែលមានតម្លៃខ្ពស់។ តម្លៃកន្លែងនេះ គឺសម្តៅដល់តម្លៃដែលទីផ្សារ (Fair Value) កំណត់ជាជាងតម្លៃផ្ទៃក្នុង (Intrinsic Value) ក្រៅពីនេះគឺខាងធនាគារនឹងសិក្សាអំពីសមត្ថភាព ដែលទ្រព្យបញ្ចាំនោះអាចទាញរកប្រាក់បានផងដែរ ។

សមត្ថភាពទាញរកប្រាក់នេះ ប្រសិនបើធៀបទៅនឹងអចលនទ្រព្យ គឺសំដៅទៅដល់កម្រៃពីការជួលគិតជាខែជាដើម… ។ ជារួមធនាគារ និងមីក្រូហិរញ្ញវត្ថុចង់ឲ្យកូនបំណុលមានលទ្ធភាពសងបំណុលច្រើនជាង រឹបអូសទ្រព្យបញ្ចាំ ដូច្នេះលក្ខខណ្ឌដែលទ្រព្យបញ្ចាំមានតម្លៃខ្ពស់ និងសមត្ថភាពទាញរកចំណូល នឹង អាចដោះការប្រាក់ប្រចាំខែបាន។

ឯកសារស្នើកម្ចី (Loan Proposal Documents)
វាជាចំណុចចម្បងចុងក្រោយ ហើយក៏ជាផ្នែកសំខាន់មួយផងដែរ បច្ចុប្បន្នដោយ​សារធនាគារមានភ្នាក់ងារ ដែលផ្តល់សេវាដូចជាមន្រ្តីឥណទានជាដើម (Loan Officer) មិនមានភាពលំបាកដូចពីមុននោះទេ ដែលតម្រូវឲ្យអ្នកចង់ខ្ចីប្រាក់ត្រូវចេះសរសេរ Loan Proposal ដោយខ្លួនឯង ។ ជារួមធនាគារនីមួយៗមានវិធីសាស្រ្ត វាយតម្លៃហានិភ័យខុសៗគ្នា (Risk Assessment Methodology) ដូច្នេះឯកសារដែលត្រូវបំពេញ ក៏លើសខ្វះគ្នាបន្តិចបន្តួចផងដែរ ប៉ុន្តែអ្វីដែលអ្នកត្រូវចាំគឺថា ក្នុងឯកសារស្នើកម្ចីត្រូវតែបញ្ជាក់ឲ្យច្បា​ស់ពីបរិមាណលុយដែលត្រូវការ គោលបំណងកម្ចី និងលទ្ធភាពក្នុងការសងប្រាក់វិញ។

បច្ចុប្បន្នពិបាករកអាជីវកម្ម ដែលថាមិនមានបំណុលណាស់ មិនថាទំហំអាជីវកម្មតូច ធំ សុទ្ធតែមានតម្រូវការកម្ចីដូចគ្នា ជាពិសេសនៅពេលបច្ចុប្បន្ននេះ មានស្ថាប័នជាច្រើន ផ្តល់អត្រាការប្រាក់ទាបដែលលើកទឹកចិត្តក្នុងការខ្ចី យកមកពង្រីកអាជីវកម្មបាន កម្ចី ដែលយកមកមានផែនការច្បាស់លាស់អត់មានអ្វីគួរឲ្យខ្លាចនោះទេ៕

ប្រភព៖ Propertyarea

Most Popular

To Top