សេដ្ឋកិច្ច​

តើធ្វើដូចម្ដេច ដើម្បីទទួលបាន ប្រាក់ចំណេញខ្ពស់ ពីអចលនទ្រព្យ?

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចំរើនខ្លាំង ដូចនេះអ្នកគួរយល់ដឹង ដើម្បីធ្វើយ៉ាងណាទិញ អោយចំគោលដៅវានឹងអាចហុចផលអោយខ្ពស់ នៃការធ្វើវិនិយោគរបស់លោកអ្នក ដែលអាចទទួលបានប្រាក់ចំនេញច្រើន។

យោងតាម សៀវភៅ “វិថីអចលនទ្រព្យ“ របស់ លោក គាម សៀកឡុងអគ្គនាយកក្រុមហ៊ុន Century21 Dream Property បានអោយដឹងថា ដើម្បីទទួលបានប្រាក់ចំនេញ ខ្ពស់ពីអចលនទ្រព្យ យើងគួរយល់ដឹងពីកត្តាសំខាន់ៗមួយចំនួន។

១ ដឹងពីផែនការមេរបស់រាជរដ្ឋាភិបាល
ព័ត៌មានគឺជាបេះដូងនៃការវិនិយោគ ប្រសិនបើយើងមានប្រភពព័ត៌មាន ដែលគួរ ឲ្យទុកចិត្តបាន ពីផែនការមេរបស់រាជរដ្ឋាភិបាល ឬទីក្រុងរណប ឬគម្រោងអភិវឌ្ឍន៍នានា នោះយើងមានឱកាសមុនគេ នឹងទទួលបានប្រាក់ចំណេញ ពីការវិនិយោគលើអចលនទ្រព្យ ព្រោះថាអចលនទ្រព្យតែងតែឡើងថ្លៃ នៅពេលដែលមានការអភិវឌ្ឍ នៅជុំវិញតំបន់នោះឡើងថ្លៃទី1 នៅពេលប្រកាសគម្រោង ទី2 នៅពេលកំពុងធ្វើ ទី3 នៅពេលធ្វើរួច។

២ ទិញនៅតម្លៃគេលក់បន្ទាន់ឬតម្លៃទាបជាងទីផ្សារ
ក្នុងករណីត្រូវការប្រាក់ ដើម្បីប្រើប្រាស់ជាចាំបាច់ ដូចជាព្យាបាលជំងឺ លែងលះគ្នា រឺទៅរស់នៅបរទេស ត្រូវការប្រាក់ ដើម្បីចាក់ចូលក្នុងអាជីវកម្ម ដែលកំពុងជួបបញ្ហា ឬបញ្ហានានាជាច្រើនទៀត ជាពេលដែលម្ចាស់អចលនទ្រព្យដាក់លក់បន្ទាន់ ក្នុងតម្លៃក្រោមទីផ្សារ។​ ដូចនេះយើងជាអ្នកទិញ នឹងទទួលបានប្រាក់ចំណេញ តាំងពីពេលទិញមកម្លេះ មិនចាំបាច់ទៅរង់ចាំ ឲ្យឡើងថ្លៃនៅពេលលក់ទៅវិញនោះទេ ទិញបានគឺចំណេញរួចទៅហើយ។

៣ ទិញអចលនទ្រព្យកំពុងជួលឬទុកជួល
សម្រាប់អ្នកដែលចង់បាន ចំណូលអកម្មប្រចាំខែ គឺគាត់ទិញជាអាគារឃ្លាំង ឬផ្ទះអាជីវកម្ម ឬផ្ទះសម្រាប់រស់នៅ ឬខុនដូនៅតំបន់ ដែលមានសក្ដានុពលខ្ពស់ ក្នុងការជួលឬទិញពីគម្រោង ដែលមានធានាជួលត្រឡប់ គឺគាត់បានចំណូលអកម្មប្រចាំខេត្តផង ងាយស្រួលក្នុងការទទួលបានប្រាក់កម្ចី ពីធនាគារសម្រាប់ចូលទៅវិនិយោគ លើអចលនទ្រព្យផ្សេងទៀត នឹងអាចលក់អចលនទ្រព្យ នោះក្នុងតម្លៃខ្ពស់ផង។

៤ ទិញអចលនទ្រព្យដែលអាចកែលំអថ្មី
នេះក៏ជាជំនាញមួយ របស់អ្នកវិនិយោគ អចលនទ្រព្យផងដែរ គឺគាត់ទិញផ្ទះឬអគារចាស់ៗ ឬនៅទុកចោល​ ដែលមិនទាន់កែលំអរយកទៅកែលម្អថ្មី ហើយលក់ចេញទៅវិញបានចំណេញ ក្នុងរយៈពេលខ្លីមុនវិបត្តិកូវីដ19 មានក្រុមហ៊ុនបរទេសមួយ ជំនាញខាងទិញផ្ទះចាស់ៗ ដូចជានៅម្ដុំផ្សារចាស់ ផ្សារកណ្ដាល សម្រាប់ជួសជុលនិងដាក់លក់ទៅវិញ។

៥ ទិញពេលគម្រោងបើកលក់ដំបូង
គម្រោងដែលទើប ចាប់ផ្ដើមសម្ភោធ លក់តែងមានការបញ្ចុះតម្លៃពិសេស ជាមួយនឹងលក្ខខណ្ឌ បង់ប្រាក់បត់បែន ដូចនេះជាឱកាសសម្រាប់ យើងជាអ្នកវិនិយោគផងដែរ តែត្រូវជាគម្រោង ដែលអាចជឿទុកចិត្តបាន។

៦ ទិញដើម្បីអភិវឌ្ឍរឺសាងសង់
សម្រាប់អ្នកមានសមត្ថភាព និងមានធនធានគឺពួកគាត់ជ្រើសរើសយក វិនិយោគអចលនទ្រព្យ ដោយការសាងសង់ រឺអភិវឌ្ឍ មិនបានទិញដីទុកឲ្យដីឡើងថ្លៃលក់យកចំណេញទេ គឺគាត់ទិញរួច ធ្វើអោយដីឡើងថ្លៃតែម្ដង តាមរយៈការអភិវឌ្ឍរបស់គាត់ ហើយមហាសេដ្ឋី និងសេដ្ឋីអចលនទ្រព្យជាច្រើន នៅក្នុងប្រទេសកម្ពុជា គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ប្រសិនបើយើងមិនមានសមត្ថភាព ឬលទ្ធភាពបែបនេះទេយើងអាចក្លាយជាអ្នកមានយកមួយរូប នៅក្នុងគម្រោងរបស់គាត់៕

ប្រភព៖ Propertyarea

Most Popular

To Top