សៀមរាបៈ រដ្ឋាភិបាលបានប្រកាសដាក់ឲ្យ ដំណើរការផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាបឆ្នាំ២០២១ ២០៣៥ ជាផែនការរយៈពេលវែង ដើម្បីសម្រេចបាន តាមចក្ខុវិស័យរបស់ខ្លួន។
ផែនការមេនេះបានចាត់ បញ្ចូលតំបន់សំខាន់ៗចំនួន៦ ក្នុងខេត្តសៀមរាបដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមមានទី១ តំបន់ឧទ្យានជាតិភ្នំគូលែន ទី២ តំបន់ទេសចរណ៍ជុំវិញ តំបន់ការពារប្រាសាទបន្ទាយស្រី ទី៣-តំបន់បេតិកភណ្ឌអង្គរ ទី៣តំបន់ទីក្រុងសៀមរាប ទី៤តំបន់បឹងទន្លេសាប ទី៥ តំបន់ទីក្រុងសៀមរាបថ្មី (Grand Siem Reap) ក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេស ដែលមានអ្នកអភិវឌ្ឍក្រោមទម្រង់ជា PPP ដើម្បីបង្កើនភាពពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។
ចុចទីនេះដើម្បី Subscribe Telegram Channel «Property Area Asia» សម្រាប់ទទួលបានព័ត៌មានថ្មីៗ ថ្លែងក្នុងពិធីដាក់អនុវត្តផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០២១កន្លងមក លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជា ផ្នែកឯកជនរួមគ្នាពង្រឹង លក្ខណៈសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ ដូចជា ការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបរួមជាមួយផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើងពន្លឿន ការអភិវឌ្ឍកំពង់ផែចុងឃ្នាស ពង្រឹងការគ្រប់គ្រងលំហូរភ្ញៀវ ក្នុងតំបន់អង្គរតាមគន្លង ប្រក្រតីភាពថ្មីនិងការ អភិវឌ្ឍន៍ផលិតផល ទេសចរណ៍ផ្សេងៗទៀត ដើម្បីបង្កើនភាពទាក់ទាញ នៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការ ទស្សនាប្រាសាទ សំដៅចូលរួមស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។
លោកបន្តថា “ការមកដល់ទេសចរអន្តរជាតិ រួមចំណែកទាំងការជួយ ដល់កំណើនសេដ្ឋកិច្ចជាតិ និងចំណូលដោយ ផ្ទាល់ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ទេសចរណ៍”។
ជាមួយគ្នានេះ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅ ខេត្តសៀមរាបបានមានប្រសាសន៍ថា ក្រសួងបានដាក់ចេញ គោលដៅយុទ្ធសាស្ត្រចំនួន៧ រួមមាន ទី១-ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាព នៅខេត្តសៀមរាប ទី២-ការអភិវឌ្ឍផលិតផល ទេសចរណ៍ថ្មីៗ ទី៣-ការផ្សព្វផ្សាយនិងទាក់ទាញ ទេសចរណ៍មកខេត្តសៀមរាប។
ទី៤-ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ទី៥-ការគ្រប់គ្រងបរិស្ថាន នៅខេត្តសៀមរាប ទី៦-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រ វិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧ ការពង្រឹងអភិបាលកិច្ចសម្រាប់ ទ្រទ្រង់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ដោយឈរលើអភិក្រមនៃការចូលរួម។
ផែនការមេសម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈ របស់រាជរដ្ឋាភិបាលដែលចាត់ទុក “វិស័យទេសចរណ៍ជាមាសបៃតង” ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រង លើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់ និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរ និងធនធានធម្មជាតិ ឱ្យបានជាអតិបរមាសំដៅ ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន៕
ប្រភព៖ Propertyarea