សេដ្ឋកិច្ច​

អ្នកជំនាញៈ សេដ្ឋកិច្ចខេត្តសៀមរាប នឹងមានភាពរ៉ឹងមាំជាងមុនតាមរយៈ ការធ្វើ ពិពិធកម្មវិនិយោគ

សៀមរាបៈ អ្នកជំនាញបានមើលឃើញថា សេដ្ឋកិច្ចខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែមូលដ្ឋានសេដ្ឋកិច្ចក្នុងខេត្តនេះ នឹងមានភាពរ៉ឹងមាំជាងមុន ដោយសារការធ្វើពិពិធកម្មវិនិយោគ ពីសំណាក់អ្នកវិនិយោគជាតិ អន្តរជាតិ។

អ្នកជំនាញ និងវិភាគអចលនទ្រព្យលំដាប់អន្តរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញាកន្លងមកថា ពីមុនមកខេត្តនេះបានផ្តោតលើវិស័យបដិស ណ្ឋារកិច្ចតែមួយគត់ ប៉ុន្តែបច្ចុប្បន្នមានការវិនិយោគលើលំនៅដ្ឋាន និងមជ្ឈមណ្ឌ​លពាណិជ្ជកម្មថ្មីៗជាច្រើន ដូចជាខុនដូ អាផាតម៉ិន ដែលធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តនេះមានភាពរ៉ឹងមាំជាងមុន។

អ្នកស្រីបន្តថា “បើមានបញ្ហាសេដ្ឋកិច្ចម្តងទៀត ខេត្តនេះមិនរងផលប៉ះពាល់ខ្លាំងដូចពេលបច្ចុប្បន្នឡើយ”។ អ្នកស្រីបន្តថា “អ្វីនឹងកាន់តែមានភាពល្អប្រសើរ សំរាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខទៀត ហើយអំណាចនៃការទិញនឹងកើនឡើង ហើយខេត្តនេះស័ក្តិសមសំរាប់ការវិនិយោគផ្ទះចូលនិវត្តន៍ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកចង់រស់នៅច្រើនជាងរាជធានីភ្នំពេញ”។

អ្នកស្រីអាន សុធីតាបានបន្តថា ការចំណាយលើការរស់នៅទាប តម្លៃអចលនទ្រព្យ ពិសេសដីធ្លីមានកម្រិតទាប ជាងរាជធានីភ្នំពេញពាក់កណ្តាល និងតម្លៃជួលខុនដូ និងអាផាតម៉ិនទាបជាង២០ទៅ៣០ភាគរយ ធៀបនឹងរាជធានីភ្នំពេញជាអ្វី ដែលជាចំណុចទាក់ទាញរបស់ខេត្តនេះ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ការកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប នឹងជួយលើកកំពស់សោភ័ណភាព ធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើន ដែលនឹងទាក់ទាញលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ អន្តរជាតិជាច្រើនទៀត។លោកបន្តថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ការកសាងទីក្រុង Grand City Siem Reap នឹងលើកកំពស់សក្តានុពល វិស័យអចលនទ្រព្យក្នុងខេត្តនេះបន្ថែមទៀតនាពេលអនាគត។

លោកបន្តថា “ការវិនិយោគសាងសង់ខុនដូ អាផាតម៉ិននៅក្រុងសៀមរាប ជារឿងល្អមួយសំរាប់អនាគត ព្រោះចំនួនបន្ទប់សណ្ឋាគារនឹងជួបការខ្វះខាត នៅពេលមានពិធីបុណ្យធំៗ ហេតុនេះខុនដូ និងអាផាតម៉ិននឹងជាជម្រើសថ្មីមួយទៀត សំរាប់ភ្ញៀវទេស​ចរណ៍”។

លោកបន្តថា “ការស្នាក់នៅខុនដូ មានតម្លៃទាបបើធៀបនឹងការស្នាក់នៅតាមសណ្ឋា​គារ ហើយនាពេលអនាគត ខុនដូនិងសណ្ឋាគារនឹងក្លាយជាផ្នែកតែមួយ ខណៈប្រទេ​សរីកចម្រើននានាមានទំនោរបែបនេះ”៕ប្រភព៖http://propertyarea

Most Popular

To Top