វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងដកហូតឋានៈ ពាណិជ្ជកម្មជាប្រទេស ដែលពេញចិត្តបំផុត របស់រុស្ស៊ី ចំពេលមានវិបត្តិអ៊ុយក្រែន ដោយកត់សម្គាល់ថា ខ្លួននឹងធ្វើការជាមួយ ក្រុមប្រទេសទាំងប្រាំពីរ (G7) និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មថ្មី។
សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំ G7 ផ្សេងទៀត “នឹងប្រកាសពីសកម្មភាពសេដ្ឋកិច្ចថ្មី ដើម្បីផ្តាច់ប្រទេសរុស្ស៊ីបន្ថែមទៀត ពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក” ។
ការដាក់ទណ្ឌកម្មនេះបានធ្វើឡើង បន្ទាប់ពីមានការដាក់ទណ្ឌកម្មផ្នែកថាមពល លើប្រទេសរុស្ស៊ី ដែលបានប្រកាសដោយទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ក្នុងចំណោមវិធានការជាបន្តបន្ទាប់ ប្រឆាំងនឹងរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែន បើទោះបីជាក្រុមអ្នកវិភាគ បានព្រមានអំពីផលវិបាក ដែលអាចកើតមាន និងការលេចធ្លាយជាច្រើនក៏ដោយ។
នៅថ្ងៃដដែលនោះ មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាលើការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនៅទីក្រុង Versailles ប្រទេសបារាំង។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា ទណ្ឌកម្មថ្មីនេះមានគោលបំណង ធ្វើឱ្យរុស្ស៊ីកាន់តែឯកោ ពីប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ លោកស្រី ក៏បានប្រកាសអំពីផែនការ ស្វែងរកជម្រើសជំនួសឥន្ធនៈរុស្ស៊ីនៅឆ្នាំ២០២៧ ដើម្បីកាត់បន្ថយ ការពឹងផ្អែករបស់អឺរ៉ុប លើរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

