បរទេស៖ ប្រទេស អារ៉ាប៊ីសាអូឌីត កំពុងពិចារណាលក់ប្រេង មួយចំនួនរបស់ខ្លួន ទៅឱ្យប្រទេសចិន ដោយគិតជាប្រាក់យន់ ជាជាងគិតជាប្រាក់ដុល្លារ ។ អ្នកដែលដឹងពីបញ្ហានេះ បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអង្គារ ដោយលើកឡើងពី “កិច្ចពិភាក្សាសកម្ម” រវាងរដ្ឋាភិបាលទីក្រុងរីយ៉ាដ និង រដ្ឋាភិបាលទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការពិចារណានេះ អាចកាត់បន្ថយបន្ថែមទៀតនូវគំរូ petrodollar ដែលបានគ្រប់គ្រង ប្រព័ន្ធហិរញ្ញវត្ថុសកល អស់រយៈពេលជាងកន្លះសតវត្ស ដោយដាក់ស្ថានភាពប្រាក់ដុល្លារ ជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដែលមានហានិភ័យ។
ប្រទេសចិនទិញជាងមួយភាគបួន នៃប្រេងដែលនាំចេញ ដោយប្រទេសអារ៉ាប៊ីសាអូឌីត មានន័យថា ការកំណត់កិច្ចព្រមព្រៀងទាំងនោះ ជាប្រាក់យន់ គឺនឹងបង្កើនទម្រង់រូបិយប័ណ្ណអន្តរជាតិ របស់ចិនយ៉ាងខ្លាំង។

បច្ចុប្បន្ននេះ ៨០% នៃការលក់ប្រេងទូទាំងពិភពលោក ត្រូវបានផ្ទេរជាប្រាក់ដុល្លារ ដោយប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការជួញដូរផ្តាច់មុខ ជារូបិយប័ណ្ណសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៤ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការធានាសន្តិសុខ ដល់ទីក្រុង រីយ៉ាដ ជាថ្នូរនឹងភាពស្មោះត្រង់របស់ខ្លួន ចំពោះប្រព័ន្ធប្រេងឥន្ធនៈ៕ ប្រែសម្រួលៈ ណៃ តុលា
