ហាណូយ៖ វៀតណាមបានទាក់ទាញការវិនិយោគបរទេស ដែលបានប៉ាន់ប្រមាណជិត ១១,៧១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេស។
ក្នុងអំឡុងពេលនោះ វៀតណាមបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន ៥៧៨ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៤,១២ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៥,៧ភាគរយជាបរិមាណ និង ៥៣,៤ ភាគរយនៃដើមទុនពីមួយឆ្នាំទៅមួយឆ្នាំ។

ប្រទេសនេះក៏បានមើលឃើញថា គម្រោង FDI ប្រតិបត្តិការចំនួន ៣៩៥គម្រោង បានបង្កើនដើមទុនចំនួន ៥,៦១ពាន់លានដុល្លារអាមេរិក សរុបក្នុងរយៈពេល ៥ខែ កើនឡើង ៤៥,៤ ភាគរយ។
ក្រសួងបានឲ្យដឹងថាចាប់ពីខែមករាដល់ខែឧសភា ដើមទុន FDI ដែលត្រូវបានបញ្ចេញមានចំនួនសរុប ៧,៧១ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេស និងតំបន់ដែលមានគម្រោងវិនិយោគថ្មីដែលទទួលបានអាជ្ញាប័ណ្ណក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលនោះ ដាណឺម៉ាកគឺជាប្រភពដើមទុនចុះបញ្ជីធំជាងគេដែលមាន ១,៣២ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺសិង្ហបុរីដែលមាន ៧៩៨,៤លានដុល្លារអាមេរិក និងប្រទេសចិនមាន ៥០៥,៣លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
						 
													 
						 
													 
						 
													 
						 
													 
						