សេដ្ឋកិច្ច​

ទិន្នផលសកលរបស់ក្រុមហ៊ុន​ ផលិតរថយន្តជប៉ុន ធ្លាក់ចុះ ២០ភាគរយ​ នៅក្នុងខែមេសា ដោយសារបញ្ហាខ្វះគ្រឿងបង្គំ

តូក្យូ៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញកាលពីថ្ងៃចន្ទថា ផលិតកម្មសរុបជាសកល ដោយក្រុមហ៊ុន ផលិតរថយន្តជប៉ុនធំៗ ចំនួន៨ នៅក្នុងខែមេសា បានធ្លាក់ចុះ ២០,១ភាគរយធៀបនឹងឆ្នាំមុន មកនៅត្រឹម ១,៦៦លានគ្រឿង។

ទិន្នន័យឧស្សាហកម្ម បានបង្ហាញកាលពីថ្ងៃច័ន្ទ ដោយឆ្លុះបញ្ចាំងពីកង្វះខាត semiconductor ទូទាំងពិភពលោក និងការរំខានការផ្គត់ផ្គង់ ដែលបណ្តាលមកពី​ ការចាក់សោរជំងឺកូវីដ-១៩ នៅទីក្រុងសៀងហៃ។

ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តទាំង៨នោះ មានក្រុមហ៊ុនផលិតរថយន្តចំនួន៦ រួមទាំង Toyota Motor Corp. និង Honda Motor Co. បានធ្លាក់ចុះដូចគ្នា។ ក្រុមហ៊ុន Toyota បានឃើញការធ្លាក់ចុះ ៩,១ភាគរយ មកនៅត្រឹម ៦៩២ ២៥៩គ្រឿង ដែលជាការ ធ្លាក់ចុះលើកដំបូង ក្នុងរយៈពេល៣ខែ និងក្រោមការព្យាករណ៍របស់ខ្លួន ប្រហែល ៧៥០ ០០០ គ្រឿង។

ក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ត្រូវបានបង្ខំឱ្យទប់ស្កាត់ការផលិត ដោយសារតែកង្វះខាតនៃ semiconductors ដែលត្រូវបានប្រើប្រាស់ ក្នុងផលិតផលជាច្រើន ដូចជារថយន្ត ម៉ាស៊ីនត្រជាក់ និងស្មាតហ្វូន ដោយសារតម្រូវការ បានកើនឡើងនៅលើផ្ទៃខាងក្រោយ នៃការពន្លឿនឌីជីថលនីយកម្ម។

ទិន្នផលសកលរបស់ក្រុមហ៊ុន Honda បានធ្លាក់ចុះ ៥៤,២ភាគរយ ដោយសារការផលិតយឺតរបស់ខ្លួន នៅក្នុងប្រទេសចិន។ Mazda Motor Corp. និង Nissan Motor Co. ក៏ឃើញមានការធ្លាក់ចុះ ៤៩,៩ភាគរយ និង ២៦,៥ ភាគរយរៀងគ្នា។

ផ្ទុយទៅវិញ ទិន្នផលនៅទូទាំងពិភពលោក របស់ក្រុមហ៊ុន Subaru Corp. បានកើនឡើង ៦៣,៣ ភាគរយ កាលពីខែមុន សម្រាប់ការកើនឡើងជាលើកដំបូង ក្នុងរយៈពេល ៣ខែ។ ជាមួយគ្នានេះដែរក្រុមហ៊ុន Daihatsu Motor Co. បានកើនឡើង ៤,១ ភាគរយ ដែលកើនឡើង ដោយការបង្កើនផលិតកម្ម នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top