បរទេស៖ យោងតាមការស្រាវជ្រាវថ្មីមួយ ដោយអង្គការ Oxfam កាលពីថ្ងៃចន្ទ បានប្រកាសលទ្ធផល ជាផ្លូវការហើយថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ កំពូលមនុស្សដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេបំផុត ប្រមាណជា១ភាគរយ នៃចំនួនមនុស្សលើលោកនោះ អាចមានទ្រព្យសម្បត្តិបូកបញ្ចូលគ្នា ស្មើទៅនឹង២ភាគ៣ នៃទ្រព្យសម្បតិ្តទាំងអស់ របស់ពិភពលោក។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មនុស្សលើពិភពលោក មានទ្រព្យសម្បត្តិបញ្ចូលគ្នា ដល់ទៅ៤២ទ្រីលានដុល្លារ ត្រូវបានចាប់ផ្តើមមានវត្តមាន តាំងតែពីឆ្នាំ២០២២ ដែលក្នុងនោះ២៦ទ្រីលាន ឬស្មើនឹង៦៣ភាគរយ គឺជាទ្រព្យសម្បត្តិរបស់ក្រុមមនុស្សតែ១ភាគរយប៉ុណ្ណោះ ខណៈដែល១៦ទ្រីលានដុល្លារផ្សេងទៀត គឺជាទ្រព្យសម្បត្តិដែលមាននៅកន្លែងផ្សេងទៀត ក្រៅពីក្រុមមហាសេដ្ឋីទាំងនោះ។
របាយការណ៍ក៏បានបង្ហាញដែរថា ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីទាំងនោះ បានកើនឡើងប្រមាណជា២,៧ពាន់លានដុល្លារ ជារៀងរាល់ថ្ងៃអស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ ហើយចំនួននៃកំពូលមហាសេដ្ឋី បានកើនឡើងទ្វេដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ៕ ប្រែសម្រួល៖ស៊ុនលី