សេដ្ឋកិច្ច​

អ្នកជំនាញ លើក 3 ចំណុចបញ្ជាក់ថា កម្ពុជា មានសក្តានុពល លើវិស័យអចលនទ្រព្យ

អ្នកជំនាញលើ វិស័យអចលនទ្រព្យ បានលើកឡើងពីកត្តា 3 ចំណុច ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ពិតជាមានសក្តានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន កម្ពុជា កំពុងទទួលបានការវិនិយោគយ៉ាងគំហុក លើអគារ ខុនដូ និង សណ្ឋាគារជាដើម ។

លោក MARCUS CHU នាយកប្រតិបត្តិក្រុមហ៊ុន ERA សិង្ហបុរី និងអាស៊ីប៉ាស៊ីហ្វិក ដែលជាក្រុមហ៊ុនលំដាប់កំពូលលេខ១ជាមួយនឹងភ្នាក់ងារដ៏ឆ្នើម ក្នុងការលក់ និងការធ្វើទីផ្សារខុនដូនៅកម្ពុជា ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យ បានលើកឡើងថា កម្ពុជា ជាប្រទេសមួយ ដែលមានសកត្តានុពលខ្លាំងក្នុងការទាក់ចិត្ត ឱ្យអ្នកជំនួញ វិនិយោគមកលើវិស័យអចលនទ្រព្យ ដែលជាចលករមួយសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

លោកថា ថ្វីត្បិត នាពេលកន្លងមកមានបញ្ហារាំងស្ទះមួយចំនួន ដែលបង្ករឡើងដោយវិបត្តិជំងឺឆ្លងសកល កូវីដ១៩ ប៉ុន្តែចូលមកដល់ក្នុងឆ្នាំ 2023 នេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា បានត្រឡប់មករកភាពល្អប្រសើរវិញហើយ ស្របពេលជាមួយគ្នាដែលចំនួន អ្នកវិនិយោគលើវិស័យនេះ កាន់តែកើនឡើងខ្លាំង។

តាមការសង្កេតឃើញ របស់អ្នកជំនាញខាងលើ លើវិស័យអចលនទ្រព្យ បានឱ្យដឹងថា ចំណុចធំៗ 3 ដែលបញ្ជាក់ថាកម្ពុជា ជាប្រទេស ដែលមានសកត្តានុពល លើវិស័យអចលនទ្រព្យ កត្តាទី1 គឺដោយសារកត្តាប្រជាជន ដោយសារកម្ពុជា មានចំនួនប្រជាជន ជាយុវវ័យច្រើន ដែលជាកម្លាំងជម្រុញតម្រូវការអចលនទ្រព្យ ។ ចំណែក កត្តាទី2 គឺជាកត្តាទេសចរណ៍ ដែលកម្ពុជាបានបើកចំហរជើងមេឃ ស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ហើយពិតណាស់ លំហូរទេសចរនឹងជំរុញ ឲ្យមានតម្រូវការលើអចលនទ្រព្យ។

ហើយកត្តាទី 3 គឺកត្តាតម្លៃ ដែលនៅមានអត្រាទាបធៀបនឹងប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។ ជាក់ស្ដែងលោកថា តម្លៃអចលនទ្រព្យនៅកម្ពុជា នៅទាបជាង ១០ដង ធៀបនឹងសិង្ហបុរី ។ ដូច្នេះ ឱកាសទិញលក់នៅមានភាគរយចំណេញខ្ពស់ ហើយលោកខ្លួនឯង ក៏បានវិនិយោគអចល នទ្រព្យមួយចំនួនផងដែរ។

ដោយឡែក លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia នៅក្នុងកម្មវិធីសន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៥ របស់ក្រុមហ៊ុន និងទស្សនវិស័យសម្រាប់ឆ្នាំ 2024 ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូកម្ពុជា ក៏បានឯកភាពនឹងការលើកឡើងនេះដែរ។

លោកថា ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារ អចលនទ្រព្យក្នុងតំបន់និងពិភពលោក យើងឃើញថា កម្ពុជាជាទីផ្សារ ដែលមានសក្តានុពលខ្ពស់ត្បិត តម្លៃអចលនទ្រព្យនៅប្រទេស របស់យើងស្ថិតក្នុងតម្លៃសមរម្យ មានកំណើនសេដ្ឋកិច្ច និងស្ថេរភាពសង្គមនិងនយោបាយ បរិកាសវិនិយោគមានភាពទាក់ទាញ ដែលសុទ្ធសឹងជាកត្តាជម្រុញកំណើន ប្រកបដោយចីរភាពក្នុងរយៈពេលវែង។

លោក គង្គា បានគូសបញ្ជាក់ថា ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរប្រសិនបើយើងធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយលោកមានសុទិដ្ឋិនិយម ថាឆ្នាំ ២០២៤ នឹងមានកំណើនល្អប្រសើរជាងនេះទៅទៀត ដោយសារការសង្កេត លើប្រាក់ចំណូល និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា កំពុងបន្តកើនឡើងវិជ្ជមានជាលំដាប់” ៕

Most Popular

To Top