Steven Paul Jobs ឬ Steve Jobs ជាបុគ្គលបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយរូបនៅលើពិភពលោក ដែលបានរួមគ្នាជាមួយលោក Steve Wozniak បង្កើតក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិកឈ្មោះ Apple Inc., នៅក្នុងឆ្នាំ ១៩៧៦។ Steve Jobs កើតនៅឆ្នាំ១៩៥៥ ហើយទទួលមរណៈភាពនៅក្នុងវ័យ ៥៦ឆ្នាំ (ខែតុលា ឆ្នាំ ២០១១)។ ត្បិតតែលោកទទួលមរណៈភាព តែកេរ្តិ៍ឈ្មោះដែលធ្លាប់បានផ្លាស់ប្ដូរពិភពបច្ចេកវិទ្យាក្នុងពិភពលោក នៅតែដ៏ល្បីរន្ទឺដដែល ជាពិសេសគឺសម្ដីដ៏មានអត្ថន័យប៉ុន្មានឃ្លាខាងក្រោម ដែលបន្សល់ទុក សម្រាប់កែប្រែផ្នត់គំនិតមនុស្សជំនាន់ក្រោយ។
១. “ខ្ញុំគិតថា បើអ្នកបានធ្វើអ្វីមួយ ហើយវាទទួលបានលទ្ធផលល្អ អ្នកគួរតែព្យាយាមធ្វើអ្វីមួយផ្សេងទៀតឱ្យកាន់តែអស្ចារ្យ។ កុំនៅត្រាំត្រែងនឹងរបស់នោះយូរពេក។ អ្នកត្រូវគិតធ្វើអ្វីថ្មីៗនៅពេលបន្ទាប់”។
Steve Jobs តែងតែបន្តឈ្មុសឈ្មុលផលិតរបស់ថ្មីៗសម្រាប់បម្រើផលប្រយោជន៍ និងបំពេញតម្រូវការអតិថិជនជានិច្ច។
២. “កាលនៅអាយុ ២៣ តម្លៃខ្លួនរបស់ខ្ញុំប្រហែលជាង១លានដុល្លារ ជាង១០លានដុល្លារនៅអាយុ ២៤ឆ្នាំ និងជាង ១០០លានដុល្លារ ពេលខ្ញុំមានអាយុ ២៥ ហើយ…តែទាំងអស់នេះមិនមែនជារឿងសំខាន់សម្រាប់ខ្ញុំទេ ព្រោះខ្ញុំមិនដែលធ្វើវាដើម្បីលុយនោះឡើយ”។
អ្វីដែលលោកចង់ឱ្យមនុស្សនៅទូទាំងពិភពលោកស្ងើចសរសើរនោះ គឺសមត្ថភាពរបស់លោកដែល “អាចបន្តបង្កើតរបស់ថ្មីៗបានជានិច្ច” នៅក្នុងវ័យក្មេងបែបនេះ។
៣. “យើងមិនមានឱកាស ដើម្បីធ្វើរឿងច្រើននោះទេ ហើយអ្នករាល់គ្នាត្រូវត្រៀមយ៉ាងម៉េចឱ្យខ្លួនឯងជាមនុស្សល្អឥតខ្ចោះ។ នេះជាជីវិត ហើយវាខ្លីណាស់ អ្នកក៏មិនដឹងថាត្រូវស្លាប់ពេលណាដែរ។ បើសិនជាយើងដាក់ចិត្តថាធ្វើអ្វីមួយហើយ ត្រូវធ្វើឱ្យវាឱ្យល្អ នោះវានឹងមានតម្លៃ”។
Jobs ចង់បានន័យថា អ្នកត្រូវធ្វើអ្វីដែលខ្លួនស្រឡាញ់ ហើយស្រឡាញ់អ្វីដែលអ្នកបានឬកំពុងធ្វើ។ អ្វីក៏ដោយដែល Jobs ចូលចិត្ត តែងតែស្ដែងចេញនៅក្នុងផលិតផល ដែលលោកផលិតជានិច្ច។ លោកតែងតែបញ្ចូលគំនិតច្នៃប្រឌិតនិងការអភិវឌ្ឍថ្មីៗ ទៅក្នុងការងារ ដែលលោកស្រឡាញ់។
៤. “ជួនកាលនៅពេលអ្នកព្យាយាមច្នៃប្រឌិតរបស់ថ្មីៗ អ្នកអាចនឹងធ្វើឱ្យមានកំហុសអ្វីមួយ។ វាពិតជាល្អបំផុត បើអ្នកអាចទទួលស្គាល់កំហុសនោះភ្លាមៗ ហើយបន្ទាប់មកព្យាយាមធ្វើឱ្យការច្នៃប្រឌិតផ្សេងទៀតរបស់អ្នក កាន់តែប្រសើរឡើងៗ”។
៥. “Stay Hungry. Stay Foolish” Stay Hungry ៖ Steve Jobs ចង់មានន័យជាវិជ្ជមានថា “បើចង់ធ្វើជាមនុស្សជោគជ័យ” គឺត្រូវស្រែកឃ្លានចង់ចេះចង់ដឹងឥតឈប់ឈរ ហើយត្រូវធ្វើម៉េចឱ្យវាទទួលបានផ្លែផ្កា។
Stay Foolish៖ អ្នកត្រូវហ៊ានប្រថុយធ្វើរឿងមួយ ដែលមនុស្សរាល់គ្នាមិនធ្លាប់គិតដល់និងមិនហ៊ានធ្វើ តែមិនមែនធ្វើដោយភាពងងឹតងងុលគ្មានដឹងទិសតំបន់អ្វីនោះឡើយ។ បើអ្នកហ៊ាន អ្នកអាចជាអ្នកឈ្នះ តែបើមិនហ៊ានទេ អ្នកនៅតែជាមនុស្សសាមញ្ញធម្មតាដូចអ្នកឯទៀតអ៊ីចឹង។ អ្នកអាចនឹងត្រូវមនុស្សម្នានៅជុំវិញផ្លែផ្កាឌឺដង ព្រោះតែទង្វើ (អ្វីដែលអ្នកគិតថានឹងផ្ដល់ផលវិជ្ជមានពេលអនាគត) ដែលអ្នកកំពុងធ្វើ តែសំខាន់អ្នកជាមនុស្សហ៊ានបើកចិត្តទូលាយទទួលយកការរិះគន់នោះ ហើយខិតខំធ្វើវាឱ្យពួកគេភ្លឺភ្នែក ឬមិនត្រូវដួលរលំដោយសារសម្ដីគ្រោតគ្រាតទាំងនោះ។ មានតែអ្នកទេ ដែលអាចឆ្លើយសំនួរនេះបាន។
៦. “ចំនួនពេលវេលាដែលអ្នកចំណាយដើម្បីទិញអ៊ីវ៉ាន់ និងការញ៉ាំអាហារ គឺពិតជាអស្ចារ្យ។ ចំនួនថាមពលដែលរាងកាយអ្នកចំណាយទៅលើការរំលាយអាហារទៅតាមវិធីផ្សេងៗ វាលើសពីថាមពលដែលអាហារផ្តល់ឱ្យទៅទៀត”។
អ្វីក៏ដោយឱ្យតែអ្នកចំណាយពេលនិងកម្លាំងដោយវិភាគឱ្យអស់ពីសមត្ថភាព អ្នករមែងទទួលបានលទ្ធផលណាមួយមិនខាន។
៨. “អ្នកមិនបាច់ទៅសួរថាតើអតិថិជនចូលចិត្តអ្វី ហើយព្យាយាមផ្តល់របស់នោះដល់ពួកគេនោះទេ។ នៅពេលដែលអ្នកផលិតរបស់អ្វីមួយចេញមក អតិថិជននឹងចង់បានអ្វីមួយដែលថ្មីមិនខាន”។
ខណៈដែលក្រុមហ៊ុនដទៃព្យាយាមផ្តល់របស់អ្វីមួយដដែលៗ តែមានការផ្លាស់ប្តូរថ្មីបន្តិចបន្តួចដល់អតិថិជន ក្រុមហ៊ុន Apple ឯណេះវិញ បានបង្កើតការច្នៃប្រឌិតថ្មីរួចទៅហើយ តាមរយៈការទាយដឹងថា តើអតិថិជននឹងត្រូវការអ្វីនៅពេលផលិតផលរបស់ខ្លួនចេញ៕
ប្រភព៖news.sabay.com.kh