តារាម៉ូដែលដ៏ស្រស់សង្ហា តៃវ៉ាន់កាត់កាណាដា Godfrey Gao ត្រូវបានគេរាយការណ៍ កាលពីព្រឹកថ្ងៃពុធម្សិលមិញថា បានដួលស្លាប់ភ្លាមៗពេលកំពុងថត កម្មវិធីមិនទាន់បញ្ចប់នៅឡើយ។ ដំណឹងនេះ បានធ្វើអ្នកគាំទ្រលោកជុំវិញពិភពលោក មានការតក់ស្លុតយ៉ាងខ្លាំង។

ភ្លាមៗការដួលស្លាប់កណ្ដាលទី ពេលកំពុងបំពេញកិច្ចការងារ របស់តារាម៉ូដែលវ័យ ៣៥ឆ្នាំ នេះ ត្រូវបានគេរាយការណ៍ថា ដោយសាររោគគាំងបេះដូង។ មកដល់ថ្ងៃនេះ មានរបាយការណ៍សន្និដ្ឋានថ្មី មួយបន្ថែមទៀតស្ដីពីករណីនេះ។ គ្រូពេទ្យមកពីសាកលវិទ្យាល័យ វេជ្ជសាស្ត្រជាតិតៃវ៉ាន់ បានសន្និដ្ឋានថា ការគាំងបេះដូងស្លាប់របស់តារាម៉ូ ដែលដ៏ស្រស់សង្ហាខាងលើ បណ្ដាលមកពីធ្វើការហួសប្រមាណ និងបញ្ហាតានតឹងផ្លូវចិត្តផង។ នេះបើតាមការរាយការណ៍របស់ Sinchew Daily ជាភាសាចិន-ម៉ាឡេស៊ី។

បន្ថែមពីករណីរបស់ Godfrey Gao ដដែល គ្រូពេទ្យតៃវ៉ាន់ បានគូសបញ្ជាក់ទៀតថា ការចូលគេងយឺតពេក ព្រមជាមួយការចំណាយពេលធ្វើការហួសហេតុ អាចបង្កឱ្យមានភាពតានតឹង យ៉ាងខ្លាំងដល់រាងកាយ។ ការសន្និដ្ឋាននេះ ហាក់ស៊ីគ្នានឹងរបាយការណ៍ដែលថា តារាម៉ូដែលតៃវ៉ាន់-កាណាដា បានធ្វើការដល់១៧ម៉ោងឯណោះ នៅមុនពេលដួលស្លាប់ ៕
ប្រភព៖ Sabay
