ហុងកុង ៖ កំពូលតារាក្បាច់គុណ លោក Donnie Yen បានបង្ខំចិត្ត នាំគ្រួសារ ចាកចេញពីទីក្រុង ឡូសអេនជីឡេស ត្រឡប់មកហុងកុងវិញ ដោយសារបារម្ភខ្លាំង ពីការឆ្លងវីរុស Covid19 ។
ព័ត៌មានពី Jaynestar បានអោយដឹង នៅថ្ងៃទី២៣ ខែមិនានេះថា លោក Donnie Yen (កុំកុំ) និងគ្រួសារ មានលោកស្រី Cissy Wang ជាភរិយា នោះបានមកដល់ប្រលាន យន្តហោះហុងកុង នៅព្រឹកថ្ងៃទី២០កន្លងទៅ ហើយដោយមានពាក់ម៉ាស និងអាវជិតខ្លួនផងនោះ លោក Donnie មិនបានឈប់ឆ្លើយ ជាមួយអ្នកសារព័ត៌មានទេ គឺដើរបណ្តើរឆ្លើយបណ្តើរ តាមដែលអាចទៅរួច ។ ពេលត្រូវសួរថា តើលោកត្រូវនៅដាច់ពីគេ១៤ ថ្ងៃសិនទេ ? លោកឆ្លើយថា” នេះជាភារកិច្ចរបស់មនុស្សគ្រប់គ្នាទៅហើយ ទោះគ្មានច្បាប់តឹងតែង ក៏ខ្ញុំត្រូវនៅដាច់ពីគេ២ សប្តាហ៍សិនដែរ”។
លោក Donnie Yen និងគ្រួសារបានទៅសហរដ្ឋអាមេរិកដើម្បីផ្សព្វផ្សាយភាពយន្តDisney “Mulan” តែដោយសារការប្រកាសបិទទីក្រុងទើបលោកប្រញាប់វិលមកហុងកុងវិញ ហើយតារាវ័យ៥៦ឆ្នាំ រូបបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា អំឡុងពេលនេះគ្មានអ្វីត្រូវគិតរឿងខាតនោះទេ សុខភាពជារឿងសំខាន់ទី១ ៕
ដោយ៖ ទូច សុខលីដា