តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨ បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសំភាសន៍ផ្ទាល់។
កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញាបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិង មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិ និង អារម្មណ៍ពិត ទាំងអារម្មណ៍ស្រលាញ់សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើស នូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។
កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនីមួយៗ ដោយសារតែកញ្ញាជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត។ ប៉ុន្តែក្តីស្រមៃរបស់កញ្ញា គឺកញ្ញាមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។
កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។ កញ្ចនា រៀបរាប់ប្រាប់ថា៖ “ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា” ។
ជាចុងក្រោយ កញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់ ក្រុមការងារផលិត របស់កញ្ញា អ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍ ក្នុងការសម្ពោធ Album “អារម្មណ៍” នេះ។ អ្នកនាង ឈុន សុភារ័ត្ន នាយិកា ហាងកាហ្វេLuna & Bakery ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចំលងពីគេនេះថា៖ “ក្នុងនាម ខ្ញុំជានាយិកា និង ជាអ្នកតំណាងអោយហាងកាហ្វេ Luna & Bakery ទាំងមូល ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ហាងកាហ្វេ Luna & Bakery ពួកយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើ គុណភាព សុខភាព និង អនាម័យជាចំបង ដូចដែល កញ្ចនាផ្តោតសំខាន់ទៅលើគុណភាពនៃសិល្បៈ របស់គាត់ផងដែរ”៕