តារាចម្រៀងជើងចាស់ ដែលជាអតីតដៃគូចម្រៀងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺអ្នកស្រី ហែម សុវណ្ណ បានបង្ហើបពីតម្លៃខ្លួនក្នុងការចេញច្រៀងតាមកម្មវិធីគេម្ដងៗ ក្រោយពីមានប្រិយមិត្តជាច្រើនចង់ដឹងពីស្ថានភាពប្រភពចំណូលពីសិល្បៈរបស់តារាចម្រៀងជើងចាស់រូបនេះ។
ក្នុងឱកាសដែលអ្នកស្រី ហែម សុវណ្ណ ទទួលច្រៀងក្នុងកម្មវិធីធំមួយនៅសណ្ឋាគារ ហ្គាឌិនស៊ីធី ខណ្ឌព្រែកព្នៅ កាលពីពេលថ្មីៗកន្លងទៅ អ្នកស្រី បានប្រាប់ Sabay ថា មុនពេលដែលកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ លោកស្រីទទួលអាហ្វែ ឬច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីចំនួន២០ ក្នុង១ខែ បើគិតជាមធ្យម។ ប៉ុន្តែបច្ចុប្បន្នមិនសូវទទួលបានច្រើនទេ ពោលគឺក្នុង១ខែបានតែមួយប៉ុណ្ណោះ ហើយយ៉ាងច្រើនបំផុត គឺ២ កម្មវិធី ក្នុង១ខែ។

លោកស្រីបង្ហើបថា ក្នុងការចេញច្រៀងមួយចប់កម្មវិធីមួយ គឺលោកស្រីទទួលបានកម្រៃចន្លោះពី៦០០ ទៅ១០០០ដុល្លារ។ រីឯតម្លៃខ្លួនចេញច្រៀងម្ដងៗកាលពីសម័យសង្គមរាស្ត្រនិយមវិញ គឺទទួលបាន៤០០រៀល ដែលគិតជាទិញមាសវិញ គឺបានប្រហែល៣ ទៅ៤ជី។

ចំណូលក្រៅពីអាជីពចម្រៀងតាមកម្មវិធីប្រគំតន្ត្រីនានា អ្នកស្រី និងស្វាមី ក៏មានបៀវត្សពីរដ្ឋលើការងារផ្នែកសិល្បៈដែរ ដែលបៀវត្សនេះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារលោកស្រីឲ្យរស់នៅបានយ៉ាងសមរម្យ។
ម្ចាស់សំនៀងដើមបទ”អូនអើយស្ដាប់ផ្គរ” ជាមួយលោក ស៊ីន ស៊ីសាមុត រូបនេះ នៅតែជាតារាចម្រៀងសំខាន់សម្រាប់កម្មវិធីទទួលអ្នកមុខអ្នកការ ឬការប្រគំតន្ត្រីដែលម្ចាស់កម្មវិធីតម្រូវឲ្យមានច្រៀងបទមរតកដើម៕ប្រភព៖sabay
