បើតាមវិបសាយ Page Six បានឲ្យដឹងថា ម្ចាស់ពានរង្វាន់អូស្ការ Brad Pitt ដែលបានតតាំងក្ដី ជាមួយនឹងអតីតភរិយា Angelina Jolie ដល់ទៅ ៥ឆ្នាំ ទាក់ទងនឹងការទាមទារសិទ្ធិ គ្រប់គ្រងកូនទាំង ៦នោះ ពេលនេះមានការបញ្ជាក់ថា លោកបានឈ្នះក្ដីនេះហើយ។
ប្រភពជិតស្និទ្ធនឹងសាមីខ្លួន បាននិយាយថា នេះគ្រាន់តែជាសម្រេច បណ្ដោះអាសន្នសិនទេ ស្របពេល Anglina Jolie មិនសុខចិត្តដាច់ខាត និងក៏កំពុងស្វះស្វែងក្នុងការទាមទារ រកយុត្តិធម៌សម្រាប់ខ្លួនដែរ ។
ផ្អែកតាមលោកចៅក្រម John Ouderkrik អ្នកដែល Brad Pitt និង Angelina ជួលឲ្យជួយចាំសម្រប សម្រួលរឿងក្ដី បានធ្វើការយ៉ាងហ្មត់ចត់ ចំពោះករណីនេះ ។ លោកពិតជាយល់ច្បាស់ពីរឿងនេះ ហើយពិនិត្យយ៉ាងល្អិតល្អន់ ពីសក្ខីកម្មរបស់សាក្សីរួមមាន អ្នកចិត្តសាស្ត្រ អ្នកជំនាញមើលការ ខុសត្រូវក្មេងៗ ដែលស៊ើបសួរកូនៗរបស់ Jolie-Pitt ផ្ទាល់ ព្រមទាំងអ្នកដែលនៅជិតៗ គ្រួសារមួយនេះ ហើយការងារនេះ ប្រព្រឹត្តិទៅជាច្រើនខែ។
ទោះជាយ៉ាងណា ចៅក្រមមិនបានឮពីការផ្ដល់សក្ខីកម្ម នៅឯតុលាការទាក់ទងនឹងកូនៗ របស់ពួកគេទេ ហេតុនេះហើយទើប Angelina Jolie ដាក់ពាក្យបណ្ដឹងទៅតុលាការ ផ្ទាល់ដោយខ្លួនឯង។
កន្លងមកមានការឲ្យដឹងដែរថា Brad តែងព្យាយាមធ្វើយ៉ាងណា បាននៅជិតកូនៗ ប៉ុន្តែ Angelina ក៏បានធ្វើអ្វីគ្រប់យ៉ាង រារាំងរឿងនេះដែរ។ តាមប្រភពបញ្ជាក់ ។
ក្នុងឯកសារលើតុតុលាការ ក៏បានបញ្ជាក់បន្ថែមដែរថា ៖ «សក្ខីកម្មរបស់ Angelina Jolie មិនទាន់ពេញលេញទេ ដោយខ្វះចំណុចសំខាន់ៗច្រើន ក៏ដូចជាការថែទាំកូនៗ នៅបច្ចុប្បន្នភាព និងសំណើររបស់ Brad ទាក់ទងនឹងការមើលថែកូន»។
យ៉ាងណាមិញ បន្ទាប់ពីចៅក្រមសម្រេចឲ្យ Brad Pitt ឈ្នះក្ដីមើលថែកូន ភាគីខាង Angelina Jolie ក៏ប្រញាប់ដាក់ពាក្យប្ដឹងបន្តទៀត ។ ករណីនេះដូចជាមិនចប់ងាយៗនោះទេ រវាងភាគីទាំង ២នេះ ៕ sabay