សិល្បៈ និង កម្សាន្ត

ក្ដុកក្ដួល​ណាស់! ពិធី​ការិនី ស៊ិន ឧត្ដម​ផល្លា ទទួល​មរណភាព ​នៅ​ព្រឹក​នេះ

ដំណឹង​ដ៏​ក្ដុកក្ដួល និង​សោកសៅ​បំផុត​មួយ ​បាន​កើត​ឡើង ​ចំពោះ​អ្នក​សិល្បៈ​ខ្មែរ ដោយ​តារា​ចម្រៀង និង​ជា​ពិធី​ការិនី​ល្បី​ឈ្មោះ ស៊ីន ឧត្ដម​ផល្លា បាន​ទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ជំងឺ​មហា​រីក​កូន​កណ្ដុរ។

តារា​សម្ដែង​ជើង​ចាស់​លោក សាវិន ហ្វីលីប បាន​បញ្ចេញ​ដំណឹង​មរណភាព​នេះ​ តាម​បណ្ដាញ​សង្គម ​Facebook នៅ​មុន​នេះ​បន្ដិច​ថា សូម​ចូល​រួម​រំលែក​ទុក​ដ៏​ក្រៀមក្រំ​ចំពោះ​មរណភាព​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ ស៊ីន ឧត្ដម​ផល្លា នៅ​ម៉ោង​៧ និង​៣០​នាទី ព្រឹក​នេះ ។ សាវិន ហ្វីលីប៖”សង្ខារ​មិន​ទៀង​មែន ព្រោះ​ខ្ញុំ​ទើប​តែ​និយាយ​ ជាមួយ​គាត់ ​តាម​ឆាត​ប៉ុន្មាន​ថ្ងៃ​មុន​សោះ…ប្អូន​ស្រី​ថា​ គាត់​មិន​អី​ទេ អ្វី​ៗ​នឹង​ប្រសើរ​ឡើង តែ​ពេល​នេះ ​ប្អូន​បាន​ទៅ​សុខ​ហើយ”។

តារា​ចម្រៀង និង​ជា​ពិធី​ការិនី ស៊ិន ឧត្ដម​ផល្លា បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​ខែ​ហើយ ប៉ុន្ដែ​នាង​ទើប​ទម្លាយ​ឲ្យ​គេឯង​បាន​ដឹង ​នូវ​ស្ថានភាព​របស់​ប្រហែល​២​ខែ​មុន គឺ​ចំ​ពេល​ដែល​ស្ថានភាព​ជំងឺ​មហារីក​កូន​កណ្ដុរ​ របស់​នាង ​បាន​ស្ថិតនៅ​ដំណាក់​កាល​ចុង​ក្រោយ​ហើយ ។

ស្ថិតនៅ​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ និង​កំពុង​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ ស៊ិន ឧត្ដម​ផល្លា ធ្លាប់​និយាយ​ថា នាង​មាន​បំណង​មួយ ​គឺ​ចង់​រស់នៅ​បាន​រហូត​ដល់​កូន​ៗ​របស់​នាង​រៀបការ​រួច ប៉ុន្ដែ​នៅ​ព្រឹក​នេះ​ស្រាប់​តែ​គេ​ទទួល​ដំណឹង​ថា ​នាង​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ៕

Most Popular

To Top