សិល្បៈ និង កម្សាន្ត

មកដឹងពីស្ថានភាព ជំងឺត្រួសៗ របស់អតីតតារា ចម្រៀងជើងចាស់ ស៊ិន ឧត្ដមផល្លា មុនពេលទទួលមរណភាព

ភ្នំពេញ ៖ នាវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ អតីតតារាចម្រៀងស្រី ល្បីឈ្មោះ គឺអ្នកនាង ស៊ិន ឧត្ដមផល្លា បានទទួលមរណភាព ដោយសារជំងឺមហារីកខួរក្បាល ដំណាក់កាលចុងក្រោយ ។

បើយោងតាមប្រភពព័ត៌មាន ពីអ្នកជិតស្និទ្ធរបស់អ្នកនាង ស៊ិន ឧត្ដមផល្លា ដែលធ្លាប់បានប្រាប់អ្នកសារព័ត៌មាន នាពេលកន្លងមកបានឲ្យដឹងថា អ្នកនាង ស៊ិន ឧត្ដមផល្លា មានជំងឺមហារីកខួរក្បាល ដំណាក់កាលទី៤ ដែលតែងតែបណ្ដាល ឲ្យមានអាការធ្វើទុក្ខ ឈឺក្បាល និងក្អួតចង្អោរ ចាប់តាំងពីដើមឆ្នាំ ២០២១ ហើយក្រុមគ្រួសារ ក៏បាននាំទៅព្យាបាល នៅមន្ទីរពេទ្យឯកជនមួយក្នុងស្រុក ។

ប្រភពបានឲ្យដឹងទៀតថា អ្នកនាង ស៊ិន ឧត្ដមផល្លា មានជំងឺមហារីកជាច្រើនឆ្នាំមកហើយ ដែលដំបូងឡើយមានដុះដំសាច់តូចមួយត្រង់បំពង់ក (កូនកណ្ដុរ) ប៉ុន្តែដុំសាច់នោះ ក៏ត្រូវបានវះកាត់ និងបាញ់កាំរស្មី រួចរាល់អស់ហើយដែរ ខណៈដែលសុខភាពក៏ប្រសើរឡើងដូចធម្មតា ។ ប៉ុន្តែនៅដើមឆ្នាំ ២០២១ នេះ អាការជំងឺក៏ធ្វើទុក្ខ ព្រមទាំងមានដុំពកចេញ ពីផ្នែកនៃលលាដ៍ក្បាលទៀតផង ទើបក្រុមគ្រួសារបានបញ្ជូនទៅពិនិត្យ នៅមន្ទីរពេទ្យឯកជនមួយក្នុងស្រុក ដើម្បីពិនិត្យ និងព្យាបាល ។

ក្រោយពេលពិនិត្យ លទ្ធផលបានបង្ហាញថា អតីតតារាចម្រៀងជើងចាស់រូបនេះ មានជំងឺមហារីកខួរក្បាលដំណាក់កាលទី៤ ដែលតម្រូវឲ្យព្យាបាលភ្លាមៗតាមវិធីបាញ់កាំរស្មី ទាំងដែលក្ដីសង្ឃឹមតិចតួចបំផុត ។

ជាមួយគ្នានេះដែរ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Angel Lyhour ដែលគេស្គាល់ច្បាស់ថា ជាប្អូនស្រីធម៌របស់អ្នកនាង ស៊ិន ឧត្ដមផល្លា ធ្លាប់បានឲ្យដឹងថា អ្នកនាង ស៊ិន ឧត្ដមផល្លា ធ្លាប់បានព្យាបាល ដុំសាច់កូនកណ្ដុរត្រង់បំពង់ក ដោយបាញ់កាំរស្មីចំនួន ៣៥ដងរួចមកហើយ ។ស្រាប់តែបានរយៈពេល ២ខែក្រោយមក ដុំសាច់មហារីកក៏បានវិវត្តខ្លួន ចូលទៅកាន់ខួរក្បាល យ៉ាងឆាប់រហ័ស និងត្រូវបានរកឃើញថា ជំងឺចូលដល់ដំណាក់កាលចុងក្រោយទៅហើយ ។
យ៉ាងណាក៏ដោយអ្នកនាង ស៊ិន ឧត្ដមផល្លា ពុំដែលបានបង្ហាញទៅកាន់អ្នកដទៃថា នាងមានជំងឺមហារីក ដំណាក់កាលចុងក្រោយទេ អ្នកដែលដឹងមានតែមិត្តភ័ក្ដិជិតស្និទ្ធ ២ ទៅ ៣នាក់ប៉ុណ្ណោះ ។

យ៉ាងណាមិញ មុនពេល ទទួលមរណៈភាពប៉ុន្មានខែ អ្នកនាង ស៊ិន ឧត្ដមផល្លា ធ្លាប់បានពោលពាក្យ ទៅកាន់ទស្សនិកជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា ក្ដីប្រាថ្នាចុងក្រោយរបស់គាត់ គឺសុំឲ្យតែរស់ដល់កូនៗធំ និងមានគ្រួសារអស់ប៉ុណ្ណោះ និងចង់គោរពប្រណិប័តន៍ឪពុកម្ដាយឲ្យបានយូរឆ្នាំជាងនេះបន្តិច រួចហើយ យកគាត់ទៅណាក៏បានដែរ ។

យ៉ាងណាក៏ដោយខាងលើនេះ គឺជាការបញ្ជាក់ពីសំណាក់អ្នកជិតស្និទ្ធជាមួយក្រុមគ្រួសារនៃសពអតីតតារាចម្រៀង ស៊ិន ឧត្ដមផល្លា នាពេលកន្លងមក ។ ហើយមកទល់ពេលនេះក្រុមការងារ Looking Today កំពុងព្យាយាមទាក់ទងទៅកាន់អ្នកនាង លីហួ ដែលជាប្អូនស្រីធម៌នៃសព ដើម្បីចង់ដឹងពីស្ថានភាពជំងឺមុន និងក្រោយមរណភាពឱ្យបានកាន់តែច្បាស់ ព្រោះថា អ្នកនាង លីហួ គឺជាអ្នកដែលដឹងពីស្ថានភាពច្បាស់ និងជាអ្នកកំដរអ្នកនាង ស៊ិន ឧត្ដមផល្លា តាំងពីដើម រហូតដល់ទទួលមរណភាពនាវេលាម៉ោង ៧ និង ៣០នាទីព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ ។

សូមបញ្ជាក់ថា អ្នកនាង ស៊ិន ឧត្ដមផល្លា គឺជាតារាចម្រៀងចាស់ដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពច្រៀងជាភាសាជាតិ និងភាសាអង់គ្លេស បានយ៉ាងល្អបំផុត ។ ចាប់តាំងពីស្វាមីអ្នកនាងបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីប្រមាណជិត ១០ឆ្នាំមុនមកហើយនេះ អ្នកនាងបានក្លាយជាស្ត្រីមេម៉ាយ មានបន្ទុកចិញ្ចឹមកូន ៣នាក់ ។ ហើយក្រៅពីអាជីពជាអ្នកសិល្បៈ អ្នកនាង ស៊ិន ឧត្ដមផល្លា ក៏មានអាជីពជាអាជីវករ លក់គ្រឿងស្បង់ចីវរ និងសម្ភារបុណ្យនានាផងដែរ ។
ជាមួយគ្នានេះទស្សនិកជន បានកត់សម្គាល់ឃើញថា ក្រោយពីបាត់មុខអស់ រយៈពេលជាង ១០ឆ្នាំ អ្នកនាង ស៊ិន ឧត្ដមផល្លា ទើបតែត្រឡប់ចូលក្នុងវិស័យ សិល្បៈវិញត្រឹមតែរយៈពេល ប្រមាណ ៤-៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយចូលរួមជាមួយក្រុមតន្ត្រីលោក យ៉ែម សំអូន ហើយរូបសម្រស់ទៀតសោត ក៏ស្រស់ស្អាតផូរផង់ ទ្រលក់ទ្រលន់មិនចាញ់ តារាសិល្បៈស្រករក្រោយប៉ុន្មានដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top