អាល្លឺម៉ង់៖ ចិញ្ចៀនមាស ត្រូវបានគេរកឃើញ ក្នុងផ្នូររបស់ស្ត្រីវ័យចំណាស់ យុគសម័យសំរិទ្ធ នៅភាគនិរតី ប្រទេសអាល្លឺម៉ង់ ផលិតឡើងនៅ Cornwall ដែលបង្ហាញពីវិធី នៃការធ្វើជំនួញវត្ថុប្រណីត បានឈានដល់ ៣៨០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ចិញ្ចៀនរាងពងក្រពើ គួរឲ្យស្ញប់ស្ញែង ត្រូវបានគេរកឃើញ នៅស្រុក Tubingen ហើយត្រូវបានគេជឿថា ជាវត្ថុមាសដំបូងបង្អស់ ក្នុងតំបន់ ទោះបីស្ថិតនៅចម្ងាយ ជាង១៣៥២គីឡូម៉ែត្រក៏ដោយ ក៏ការវិភាគបានបង្ហាញថា គ្រឿងអលង្ការ ត្រូវបានគេច្នៃនៅ Cornwall ។ អ្នកបុរាណវិទ្យានិយាយថា នេះជាភ័ស្តុតាងដំបូង ដែលមិនធម្មតា នៃការធ្វើជំនួញវត្ថុប្រណីត ឈានដល់កម្រិតដំបូង នៅយុគសម័យសំរិទ្ធអឺរ៉ុប។
ចិញ្ចៀននេះ ត្រូវបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានបុរេប្រវត្តិ និងយុគសម័យបុរាណវិទ្យា នៅសាកលវិទ្យាល័យ Tübingen នារដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ ក្នុងអំឡុងពេល នៃការជីកកកាយនៅជិត Ammerbuch-Reusten អ្នកជំនាញបានរកឃើញថា ស្ត្រីនោះត្រូវបានគេបញ្ចុះ នៅចន្លោះឆ្នាំ ១៨៥០ និង ១៧០០ មុនគ.សនៅទីតាំងបែរមុខ ទៅខាងត្បូង។
បើយោងតាមក្រុមថា ការបញ្ចុះសពប្រភេទនេះ គឺជាធម្មតានៃអំឡុងពេលយុគថ្មរំលីង នៅអឺរ៉ុបកណ្តាល ។ ការសិក្សារបស់ពួកគេត្រូវបានចុះផ្សាយ នៅក្នុងទិនានុប្បវត្តិ Praehistorische Zeitschrift អ្នកស្រាវជ្រាវដែលដឹកនាំ ដោយលោក Raiko Krass បានសរសេរថា ការបញ្ចុះនេះត្រូវគ្នា នឹងការបញ្ចុះសពមួយក្រុមផ្សេងទៀត ពីយុគសម័យសំរិទ្ធនៅលើខ្ពង់រាប ហើយទំនងជាទាក់ទង ទៅនឹងការតាំងទីលំនៅ លើកំពូលភ្នំនៅក្បែរ Kirchberg នៃReusten៕ ដោយ៖លី ភីលីព