ភ្នំពេញ ៖ កាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ អតីតតារាចម្រៀងស្រី ល្បីឈ្មោះ គឺអ្នកនាង ស៊ិន ឧត្ដមផល្លា បានទទួលមរណភាព ដោយសារជំងឺមហារីកខួរក្បាល ដំណាក់កាលចុងក្រោយ ។ ហើយមរណភាព របស់តារាចម្រៀងជើងចាស់រូបនេះ បានធ្វើឱ្យមានការសោកស្ដាយ យ៉ាងខ្លាំងពីសំណាក់ អ្នកសិល្បៈរួមអាជីព ជាពិសេសអ្នកគាំទ្រ របស់អ្នកនាងនាពេលកន្លងមក ។
អ្នកនាង ស៊ិន ឧត្ដមផល្លា គឺជាអតីតតារាចម្រៀងចាស់ ដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពច្រៀងជាភាសាជាតិ និងភាសាអង់គ្លេស បានយ៉ាងល្អបំផុត ។
អស់រយៈពេលជិត ១០ឆ្នាំហើយ បន្ទាប់ពីស្វាមីទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ អ្នកនាង ស៊ិន ឧត្ដមផល្លា បានរស់នៅមានឈ្មោះ ជាស្ត្រីមេម៉ាយ ចិញ្ចឹមកូន ៣នាក់តែម្នាក់ឯង ដោយមានអាជីព ជាអ្នកសិល្បៈផង និងជាអាជីវករលក់គ្រឿងស្បង់ចីវ និងសម្ភារបុណ្យនានា ផង ។
ទាក់ទងនិងមរណភាព របស់តារាចម្រៀងជើងចាស់ខាងលើនេះផងដែរ អ្នកនាង លីហួ ដែលត្រូវជាប្អូនស្រីធម៌ និងជាអ្នកមើលថែទាំផ្ទាល់ដៃ បានផ្ដល់ព័ត៌មានមកកាន់ LookingToday យ៉ាងដូច្នេះថា អ្នកនាងស៊ិន ឧត្ដមផល្លារ បានដឹងខ្លួនថា មានជំងឺមហារីក ដុះកូនកណ្ដុរ ៤គ្រាប់នៅក តាំងពីខ្ទង់ចុងខែមីនា ឬដើមខែមេសា ឆ្នាំ ២០២០ មកម្ល៉េះ ដែលត្រូវព្យាបាលភ្លាមៗ នៅគ្លីនិកឯកទេសជំងឺមហារីកឯកជន មួយក្នុងស្រុក តាមវិធីបញ្ជូលគីមីសាស្ត្រ និងបាញ់កាំរស្មី ។
អ្នកនាង លីហួ បានឱ្យដឹងទៀតថា ក្រោយពីទទួលការព្យាបាល នៅគ្លីនិកឯកជនខាងលើ បានមួយរយៈធំ អ្នកនាង ស៊ិន ឧត្ដមផល្លា ចាប់ផ្ដើមមានអាការ ធ្វើទុក្ខឈឺក្បាល ព្រមទាំងដុំពក ត្រង់ផ្នែកក្បាលទៀតផង ទើបគ្រូពេទ្យ បានធ្វើការពិនិត្យជាថ្មី និងរកឃើញថា ជំងឺមហារីកបាន រាលដាលដល់ខួរក្បាល និងឈានចូលដល់ដំណាក់កាលចុងក្រោយ ទៅហើយ ។ បន្ទាប់មក ខាងគ្លីនិកឯកជន ក៏បានបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបន្ត ។
ប្រភពដដែលបានបន្តថា ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានកំណត់ឱ្យ បាញ់កាំរស្មីចំនួន ១០ដល់ ត្រង់ក្បាល ប៉ុន្តែអនិច្ចានៅថ្ងៃកំណត់ ចូលសម្រាកក្នុងមន្ទីរពេទ្យ ដើម្បីបាញ់កាំរស្មីជាលើកដំបូង អ្នកនាង ស៊ិន ឧត្ដមផល្លា មានអាការធ្វើទុក្ខខ្លាំង មិនអាចទទួលយកការ ព្យាបាលបន្តទៀតបានឡើយ ។
ជាមួយគ្នានេះផងដែរ អ្វីដែលជាចំណុចធ្វើឱ្យអ្នកនាង លីហួ ដែលជាអ្នកមើលថែ អ្នកនាង ស៊ិន ឧត្ដមផល្លា ផ្ទាល់រន្ធត់ចិត្តកាន់តែខ្លាំងបំផុតនោះ គឺបំណងប្រាថ្នាធំ នៃដង្ហើមចុងក្រោយ របស់អ្នកនាង ស៊ិន ឧត្ដមផល្លា ចង់ជួបជាមួយម្ដាយបង្កើត ។ ដោយសារតែគ្រូពេទ្យ ប្រាប់ថា អ្នកជំងឺមិនអាច មានសង្ឃឹមទៅមុខទៀត ទើបអ្នកនាង លីហួ សម្រេចចិត្តធ្វើលិខិត ចេញពីមន្ទីរពេទ្យ នាំអ្នកជំងឺទៅជួប ម្ដាយបង្កើត មុននឹងផុតដង្ហើម ។ ហើយគ្រាន់តែបាន ទៅជួបម្ដាយភ្លាម អ្នកនាង ស៊ិន ឧត្ដមផល្លា ប្រឹងបើកភ្នែកធំៗ ទាំងដែលមាត់ហាស្ដីមិនរួច បានត្រឹមធ្វើកាយវិការបង្ហាញថា គាត់ឈឺក្បាលខ្លាំងណាស់ ហើយក៏ផុតដង្ហើមបាត់ទៅ ។
អ្នកនាង លីហួ ពោលយ៉ាងដូច្នេះថា “បងស្រីខ្ញុំ ពេលដែលនៅមន្ទីរពេទ្យកាល់ម៉ែត មានអាការទន់ បើកភ្នែកមិនរួចទេបង តែពេលបានជួបម្ដាយគាត់ភ្លាម គាត់ខំប្រឹងបើកភ្លែកធំៗ ហើយធ្វើកាយវិការចង់បង្ហាញថា គាត់ឈឺក្បាលខ្លាំង ណាស់ ធ្វើឱ្យខ្ញុំរន្ធត់ចិត្តណាស់បង… បងស្រីខ្ញុំខំតស៊ូដង្ហើមចង្រិត តាំងពីមន្ទីរពេទ្យ រហូតបានជួបម្ដាយ និងកូនៗគាត់ ទើបគាត់ផុតដង្ហើម ” ។
គួរឱ្យដឹងថា បើតាមការបង្ហើបពីសំណាក់អ្នកនាង លីហួ ការព្យាបាលជំងឺមហារីករបស់តារាចម្រៀង ស៊ិន ឧត្ដមផល្លា គឺមានរយៈពេលពេញមួយឆ្នាំជាង ពោលគឺចាប់តាំងពីចុងខែមីនា ឬដើមខែមេសា ឆ្នាំ ២០២០ រហូតដល់ថ្ងៃគាត់លាចាក លោកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១ ។ ហើយបើគិតពីខ្ទង់ចំណាយវិញគឺអស់ប្រហែលខ្ទង់ ៣ ទៅ ៤ម៉ឺនដុល្លារ ៕
ដោយ៖ ម៉ានី