ភ្នំពេញ ៖ ជាយូរឆ្នាំណាស់ មកហើយ ដែលអតីតតារាចម្រៀង ក្នុងផលិតកម្ម «SSB» លោក ហេង ប៊ុនលាភ បានរសាត់ឆ្ងាយចេញពីពិភពសិល្បៈ ទៅប្រកបជំនួញ ផ្ទាល់ខ្លួនវិញ ។ ប៉ុន្តែជារឿយៗលោក ក៏តែងតែ បបង្ហាញពីរូបថត សកម្មភាពប្រចាំថ្ងៃផ្សេងៗ របស់លោក តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ដើម្បីបង្ហាញពីសុខទុក្ខ របស់លោក ទៅកាន់ទស្សនិកជនអ្នកគាំទ្រ ។
ជាមួយគ្នានេះដែរ លោក ហេង ប៊ុនលាភ ត្រូវបានមហាជនកត់សម្គាល់ឃើញថា ទោះជាកំពុងរស់នៅ ក្រោមដំបូលវីឡាដ៏ស្កឹមស្កៃ និងទ្រព្យសម្បត្តិ ជាច្រើនទៀត ក៏ពិតមែន ប៉ុន្តែ ម្ចាស់បទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» រូបនេះ តែងតែនិយមចូលចិត្តធ្វើខ្លួន បែបសាមញ្ញបំផុត ជាមួយសម្លៀកបំពាក់ធម្មតាៗ និងរថយន្តចាស់ស៊េរីឆ្នាំ ៨០ ហើយក៏ចូលចិត្តកម្សាន្តនៅ តាមទីជនបទស្រុកស្រែចំការ ផងដែរ ដោយ មិនប្រកាន់ខ្លួនឯង ជាតារាល្បី ឬជាអ្នកជំនួញកាន់កាប់មុខរបធំៗក្នុងដៃបន្តិចណាឡើយ ។
បើតាមការបង្ហើរតៗគ្នា ពីសំណាក់អ្នកនៅក្នុង សង្គមសិល្បៈ លោក ហេង ប៊ុនលាភ ក្រៅពីជួយកាន់កាប់របរឡូតិ៍នេសាទជាមួយ ឪពុកម្ដាយក្មេកហើយនោះ លោកក៏មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនលក់រថយន្ត ទំនើបមួយផងដែរ ប៉ុន្តែរឿងនេះលោក មិនដែលបានទម្លាយប្រាប់សារព័ត៌មាន ណាមួយឡើយ ។
គួរឱ្យដឹងដែរថា ខណៈពេល ដែល ទីផ្សារ ចម្រៀង និង សម្តែង កាន់តែ មាន សន្ទុះ ស្រាប់តែ លោក ហេង ប៊ុនលាភ បាន សម្រេច ចិត្ត រៀប អាពាហ៍ពិពាហ៍ ជាមួយ កូនស្រី ស្រស់សោភា របស់ ថៅកែ ឡូតិ៍នេសាទ ម្នាក់ នៅ ខេត្ត ពោធិ៍សាត់ កាលពី អំឡុង ឆ្នាំ ២០០៧ ហើយ លោក ក៏ បាន ផ្អាក ការងារ សិល្បៈ ចាប់ពីពេលនោះមក ។
រហូតមកដល់កំលុងឆ្នាំ ២០១៦-២០១៧ លោក ហេង ប៊ុនលាភ ក៏បានចូលរួមសម្ដែង ក្នុងរឿងខ្នាតធំ «ហ្លួងព្រះស្ដេចកន» ដែលជាស្នាដៃដឹកនាំសម្ដែង របស់លោក ម៉ៅ អាយុទ្ធ អតីតរដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយកាលនោះលោក ហេង ប៊ុនលាភ ដើរតួជាតួអង្គ ព្រះច័ន្ទរា ។
យ៉ាងណាក៏ដោយ ក្រោយពីសម្ដែង បានមួយរឿងនេះហើយ វត្តមានរបស់ លោក ហេង ប៊ុនលាភ ក៏បានឃ្លាតឆ្ងាយម្ដងទៀតពីកញ្ចក់ទូរទស្សន៍ ក៏ដូចជាឆាកកម្មវិធីផ្សេងៗដែរ ប៉ុន្តែមានអ្នកគាំទ្រជាច្រើន នៅតែចង់ដឹង ចង់ឃើញ ជាពិសេសចង់ស្ដាប់សំនៀងរបស់លោកជាថ្មីម្ដងទៀត ៕
ដោយ៖ ម៉ានី