សិល្បៈ និង កម្សាន្ត

ទីបំផុតលោក ហេង ប៊ុនលាភ វិលរកអាជីពចាស់វិញហើយ

ភ្នំពេញ៖ ដូចការរំពឹងទុករបស់ទស្សិកជនពិតមែន ទីបំផុតតារាចម្រៀងប្រុស ដ៏ល្បីល្បាញកាលពីជាង ១០ឆ្នាំមុន គឺលោក ហេង ប៊ុនលាភ បានវិលរកអាជីពជាតារាចម្រៀងវិញហើយ ដោយបច្ចុប្បន្នលោកបានចេញបទចម្រៀងចំនួន ២ បទជាផ្លូវការនៅក្នុងផលិតកម្មថ្មីមួយឈ្មោះ 

ដាវីត្រា មេឌៀ (Davitra Media) ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្រតារាចម្រៀងរូបនេះតែម្ដង ។

យ៉ាងណាមិញ មុននឹងបង្ហាញវត្តមានសារជាថ្មី នៅក្នុងផលិតកម្មដែលត្រូវបានគេដឹងថា គ្រប់គ្រងដោយលោក ម៉េង ប៊ុនឡូ ខាងលើនេះ គឺលោក ហេង ប៊ុនលាភ ធ្លាប់បានបង្ហើបឱ្យដឹងពីដំរួយជាញឹកញាប់ថា លោកអាចនឹងវិលរកអាជីពជាតារាចម្រៀងឡើងវិញ នៅថ្ងៃណាមួយ គ្រាន់តែមិនទាន់មានឱកាសប៉ុណ្ណោះ ។ ហើយស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានឃើញបទចម្រៀងថ្មី របស់លោកចំនួន ២ បទលេចចេញនៅលើទំព័រយូធូប របស់ផលិតកម្ម ដាវីត្រា មេឌៀ ដែលមានចំណងជើងថា «ក្រមុំ Discount​» និងមួយបទទៀតគឺបទ «ក្រមុំព្រោងព្រាត» ។ 

គួរឱ្យដឹងផងដែរថា លោក ហេង ប៊ុនលាភ អតីត ប្រុស ស្អាតចំណាត់ថ្នាក់លេខ  ២ កាលពីឆ្នាំ ២០០១ ហើយលោកក៏ក្លាយខ្លួនជាតារាចម្រៀងក្នុង ផលិតកម្ម SSB  មានលោក ហ្វៃ សំអាង ជាអ្នក ផ្ចុងផ្តើមក្នុងរយៈពេលដ៏ខ្លី ក៏ចាប់ផ្ដើមមានភាពល្បីល្បាញតាមរយៈទឹកដមសំនៀងដ៏ស្រទន់ មាន មន្តស្នេហ៍នៃបទល្បីៗរបស់លោក មានដូចជា « ទឹកភ្នែកស្វាមីស្រីឡង់សេ» បទ «ជីដូនកាកី» បទ  «សឹកហួសព្រោះ ស្នេហ៍» និងបទដ៏ពីរោះៗជាច្រើនទៀត ។ 

កាល ពី អំឡុង  ឆ្នាំ  ២០០៧ ខណៈដែលទីផ្សារចម្រៀង ក៏ដូចជាសម្ដែង របស់លោក ហេង ប៊ុនលាភ កំពុងស្ទុះឡើងខ្លាំង ស្រាប់តែលោកបាន សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ នឹងកូនស្រីដ៏ស្រស់ សោភារបស់ថៅកែឡូត៍នេសាទម្នាក់ នៅឯខេត្តពោធិ៍សាត់ និងផ្អាកការងារសិល្បៈ ចាប់តាំងពីពេលនោះមក ដោយស្រវាចាប់យកជំនួញដីធ្លីជំនួសវិញ។ 

បច្ចុប្បន្ននេះគេដឹងថា ជីវភាពរបស់លោក ហេង ប៊ុនលាភ ប្រៀបបានដូចជាសេដ្ឋី ឧកញ៉ា យ៉ាងដូច្នេះដែរ ព្រោះក្រៅពីមានដីធ្លីជាច្រើនកន្លែងហើយនោះ លោកក៏មានផ្ទះវីឡាធំស្កឹមស្កៃរស់នៅ និងរថយន្តទំនើបៗជាច្រើ់នស៊េរីទៀតផង ។ ប៉ុន្តែដោយសារចំណង់ចំណូលចិត្ត លោកងប់ខ្លាំងទៅលើជីវិតបែបសាមញ្ញៗ  ទើបលោកចូលចិត្តចំណាយពេលច្រើនរស់នៅជាមួយទីជនបទ ស្រុកស្រែចំការ និងជិះតែរថយន្តកាម៉ារីគូទស្វិតរបស់លោក មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់ ៕

ដោយៈ ម៉ានី

Most Popular

To Top