សិល្បៈ និង កម្សាន្ត

វីរៈ និច្ច កំពុងអន់ចិត្ត ជាមួយសម្ដីមិត្តភក្ដិថា «មានប្ដីហើយសម្រស់ធ្លាក់ជាងមុន»​ ?

ភ្នំពេញ៖ ក្រោយពីរៀបការរួច សង្កេតឃើញថាស្រីស្អាត ចេង ស្រីនិច្ច ហៅ វីរៈ និច្ច ទទួលបានការស្រឡាញ់ថ្នាក់ថ្នមទាំងចិត្ត ទាំងកាយពីប្ដីរបស់នាង ដែលជាម្ចាស់ភោជនីយដ្ឋានធំមួយនៅខេត្តព្រះសីហនុ ។ ហើយសុភមង្គលមួយនេះ ត្រូវបានតារាចម្រៀងស្រីម្ចាស់បទ «សង្សារម៉ាកអី» ខាងលើ តែងតែបង្ហាញជាញឹកញាប់នៅលើបណ្ដាញសង្គម រហូតមានអ្នកគាំទ្រជាច្រើនច្រណែន នឹងជីវិតដ៏សំណាងរបស់នាងទៀតផង ។

ជាមួយគ្នានេះដែរ បើក្រឡែកទៅមើលសម្រស់របស់ វីរៈ និច្ច វិញឃើញថា ក្រោយពីរៀបការរួច សម្រស់របស់នាងកាន់តែស្រស់ស្អាតទ្វេរដង ជាពិសេសសាច់កាន់តែសខ្ចីដូចសំឡី ។ ហើយអ្វី ដែលចាប់អារម្មណ៍អារម្មណ៍ខ្លាំងនោះ គឺការតុបតែងខ្លួនរបស់នាងកាន់តែហាយសូរ និងសិចស៊ី ទៀតផង គួបផ្សំជាមួយរាងដ៏ស្រឡូនរបស់នាង បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ ។ 

យ៉ាងណាមិញ​ បើទោះជាមានអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ថា វីរៈ និច្ច ឡើងសម្រស់ជាងមុនយ៉ាងណាក៏ដោយ ក៏ទំនងមានមិត្តភក្ដិនាង មួយចំនួននិយាយថា នាងធ្លាក់សម្រស់ខុសពីកាលនៅលីវផងដែរ ទើបថ្មីៗនេះធ្វើឱ្យនាងអន់ចិត្ត រហូតដាច់ចិត្តសរសេរសារខ្លីមួយ នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា «តាំងពីមានប្តីមកនិច្ច ឡូវធាត់ម៉េស បែកសាច់ម៉េស ខ្មៅម៉េស អាក្រក់ម៉េស សម្រស់ធ្លាក់ជាងមុន» ។ ភ្ជាប់ជាមួយសំណេរនេះ វីរៈ និច្ច ថែមទាំងបានសុំចិត្តអ្នកស្គាល់នាងថា​បើពេលជួបគ្នាគួរតែនិយាយសួស្ដី សួរសុខទុក្ខគ្នា ប្រសើរជាងនិយាយបំបាក់ទឹកចិត្ត ។ 

គួរឱ្យដឹងថា អុ្នកនាង ចេង ស្រីនិច្ច ហៅ វីរៈ និច្ច ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូបរបស់ផលិតកម្មសាន់ដេ ក្រោយពេលចាប់ដៃគូច្រៀងជាមួយអតីតតារាកំប្លែង នាយ ចឺម ។ ប៉ុន្តែក្រោយពីបានរៀបការជាមួយ លោក ខៀវ ពេជ្រ កាលពីថ្ងៃទី១៦ខែ តុលា ឆ្នាំ២០២១ រួចមកក៏សង្កេតឃើញថា ពុំមានបទថ្មីផ្ទុះដូចមុនៗឡើយ ខណៈដែល វីរៈ និច្ច ក៏ហាក់ដូចជាបានដកឃ្លាពីការងារច្រៀង និងខំប្រឹងយកចិត្តប្ដីជំនួសវិញ ៕ ដោយ៖ ម៉ានី

Most Popular

To Top