គិតត្រឹមឆ្នាំ២០២១ នេះ យុគ ដាពេជ្រ ហៅស្រីអម ដែលជាកូនស្រីទោល របស់ពិធីការិនី យុគ ចិន្ដា មានវ័យ១៨ឆ្នាំហើយ ។ ពាក្យថា”ស្មោះត្រង់ និង”ចេះឲ្យតម្លៃ” ត្រូវបានពិធីការិនីរូបនេះ ប្រើគ្រប់បណ្ដាំប្រយោគ សម្រាប់ទូន្មានកូនស្រីជាទីស្រឡាញ់។
ពិធីខួបកំណើត តូចមួយគេឃើញ ធ្វើនៅក្នុងភោជនីយដ្ឋាន”ចងចាំ” យប់មិញ ។ អ្នកនាង យុគ ចិន្ដា បានបង្ហោះរូបថតខ្លួន ជាមួយកូនស្រីយ៉ាងស្និទ្ធស្នាលអមដោយនំខួបកំណើត យ៉ាងប្រណីត ដោយភ្ជាប់នូវបណ្ដាំសំខាន់ចំនួនបី ដែលនាងថា “បណ្ដាំម្ដាយ ដែលកូនត្រូវតែចងចាំ”។
យុគ ចិន្ដា៖ “ត្រូវមានអ្វីដែលជាខ្លួនឯង ឲ្យតម្លៃខ្លួនឯង ។ ត្រូវមានភាពស្មោះត្រង់ជាមួយម្ដាយ ខ្លួនឯង និងមិត្តភ័ក្ដិ ។ ត្រូវចេះឲ្យតម្លៃមនុស្ស។ អរគុណកូនដែលចូលមកក្នុងជីវិតម្ដាយ” ។
ទាំងកូន និងម្ដាយដែលជាគ្រួសារ ពិធីការិនីមួយនេះ មិនបានជូនពរ ឬប្រាថ្នាខ្លួនឯង ឲ្យជួបអ្នកស្រឡាញ់ ឬយល់ចិត្តដូចតារាដទៃឡើយ ប៉ុន្តែចំពោះយុគ ចិន្ដា និងកូនស្រី បានប្រើឱកាសពិសេស របស់ខ្លួនដើម្បីអប់រំកូន និងផ្ដល់តម្លៃឲ្យមនុស្ស នៅជុំវិញខ្លួនទៅវិញ ។ ជុំវិញបញ្ហានេះ យុគ ដាពេជ្រ ហៅស្រីអម ធ្លាប់ប្រាប់អ្នកសារព័ត៌មាន ថា នាងមិនធ្លាប់មានស្នេហា ហើយក៏មិនចង់គិតរឿងនេះដែរ បើទោះបីជាមានមិត្តភ័ក្ដិបានផ្គូផ្គង ឬចំអន់នាងលេង ជាមួយមិត្តរួមថ្នាក់ក្ដី៕ sabay