លោកស្រី ឡាយ ហ៊ុនគី ត្រូវបានគេស្គាល់ថាជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ តាមរយៈឈ្មោះមួយទៀតរបស់លោកស្រី គឺ ត្រឹង ងា (ជាឈ្មោះដែលត្រូវបានគេហៅតាមស្វាមីក្នុងសម័យអាណានិគមបារាំង)។ លោកស្រី គឺជាស្ត្រីខ្មែរដំបូង ដែលបានចងក្រងសៀវភៅប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សា និងរៀនសូត្ររហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។ លោកស្រី បានចាប់អាជីពជាគ្រូបង្រៀន តាំងពីឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង បន្ទាប់មកនៅឆ្នាំ ១៩៥៨ លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ ក្រោយមក លោកស្រីឡាយ ហ៊ុនគី ក៏បានផ្លាស់ឈ្មោះជាអ្នកស្រី ត្រឹង ងា (ចំពោះការផ្លាស់ឈ្មោះតាមស្វាមីនេះគឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ) ។លោកស្រី ឡាយ ហ៊ុនគី និងស្វាមី លោក ត្រឹង ងា
ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់លោកស្រី ក៏មានវាសនាមិនខុសពីប្រជាជនខ្មែរដទៃទៀតដែរ។ លោកស្រី និងស្វាមី ព្រមទាំងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្ដាល។ នៅក្នុងរបបខ្មែរក្រហម លោកស្រី ឡាយ ហ៊ុនគី និងស្វាមី មិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ។ ក្រោយមកនៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ស្វាមីរបស់លោកស្រី គឺលោកត្រឹង ងា ត្រូវកម្មាភិបាលខ្មែរក្រហមម្នាក់បានមកជួបលោកត្រឹង ងា ហើយបាន«ស្នើ»ឱ្យលោកត្រឹង ងា ទៅជួយរៀបរៀងទស្សនាវដ្ដីរបស់កម្ពុជាប្រជាធិបតេយ្យ។ លោកត្រឹង ងា ត្រូវខ្មែរក្រហមបញ្ជូនមកមន្ទីរស២១ (គុកទួលស្លែង) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ និងក្រោយមកក៏ត្រូវខ្មែរក្រហមសម្លាប់លោកនៅទីនោះ។ គ្រួសារលោកស្រី ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិជាច្រើនលើកច្រើនសា រហូតទៅដល់ភូមិចកតូច ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយថ្ងៃរំដោះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានបន្តរស់នៅក្នុងស្រុកមោងឫស្សី និងស្រុកមង្គលបូរី ដោយរកស៊ីលក់ដូរបន្តិចបន្តួចគ្រាន់ចិញ្ចឹមកូនៗ។
- នៅឆ្នាំ១៩៨៣ លោកស្រី បានបន្តអាជីពក្នុងវិស័យអប់រំ ដោយបានក្លាយជានាយិកាវិទ្យាល័យមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។
- នៅឆ្នាំ១៩៦២ លោកស្រី បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ រហូតដល់ឆ្នាំ១៩៦៦ អ្នកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងក្លាយជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
- មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ លោកស្រីជានាយិកាវិទ្យាល័យនារី ភ្នំពេញ ហើយអ្នកស្រី ក៏ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ និងជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ ។
- នៅឆ្នាំ១៩៩៥ បានចូលនិវត្តន៍ពីជីវភាពក្នុងវិស័យអប់រំ។ នៅឆ្នាំ១៩៩៨ ដល់ ២០០៦ លោកស្រីជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ។ ក្រោយពីចូលនិវត្តន៌មក លោកស្រី បានចំណាយពេលវេលាភាគច្រើនរបស់អ្នកស្រីក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តបន្ទាយមានជ័យ និងបានប្តូរទីលំនៅមករស់នៅជាមួយកូនប្រុសទី៣ នៅរាជធានីភ្នំពេញ នៅឆ្នាំ២០១៩ រហូតមកទល់សព្វថ្ងៃ។
សៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃរបស់លោកស្រី គឺជាប្រភពឯកសារដ៏ចម្បងនិងបានរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយយោងលើសមិទ្ធផល និងការចូលរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់លោកស្រី ក្នុងផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចេញសេចក្ដីសម្រេច ប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះគុណបំណាច់ធំធេងរបស់អ្នកស្រីក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ៕
យ៉ងណាមិញ ចំពោះការសម្រេចចិត្តនិពន្ធសៀវភៅប្រវត្តិសាស្ត្រ អរិយធម៌ នេះឡើងគឺដោយសារតែមានការទទូចសុំពីកូនសិស្សលោកស្រីផ្ទាល់ ដោយពួកគាត់បានសុំឲ្យលោកស្រី ត្រឹង ងា សរសេរមេរៀន ជាសៀវភៅ ដោយគ្រាន់តែពន្យល់នៅក្នុងថ្នាក់តែបន្តិចបន្តួចទៅបានហើយ ព្រោះពួកគេចង់បានសៀវភៅ នៅក្នុងដៃ។ បន្ទាប់ពីមានការស្នើរសុំ លោកស្រីបានប្រើរយៈពេល ២ឆ្នាំ ទើងអាចចងក្រងសៀវភៅប្រវត្តិសាស្ត្រនេះឡើង នឹងបានបោះពុម្ភផ្សាយនៅឆ្នាំ១៩៧៤។
លោកស្រី ត្រឹង ងា មានឈ្មោះដើម ឡាយ ហ៊ុនគី ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់គោរមងារជា «កិត្តិបណ្ឌិតផ្នែកអក្សរសាស្រ្ត»។ លោកស្រីជា អ្នកនិពន្ធសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ដ៏ល្បីល្បាញ ហើយលោកស្រី ក៏ត្រូវបានគេស្គាល់តាមរយៈស្នាដៃផ្សេងទៀតគឺ សៀវភៅថ្នាក់ទី១២ ដូចជាអត្ថបទ (ថ្វីត្បិតជាកូនស្រី) ជាដើម៕
ប្រភព ៖sabay