តារាសម្ដែងភេទទី៣ នាយពាង បានទទួលមរណភាពហើយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីសមាជិក គ្រួសាររបស់លោកទាំងអស់គ្នាត្រូវបានគេរក ឃើញថាវិជ្ជមានជំងឺកូវីដ ។ នេះបើតាមការអះអាងរបស់លោក អ៊ឹម ជីវ៉ា ។
លោក អ៊ឹម ជីវ៉ា បានប្រកាសដំណឹងនេះ ដោយមានភ្ជាប់រូបថតនាយពាង ជាច្រើនសន្លឹកតាមបណ្ដាញសង្គម facebook នៅមុនបន្តិចថា នៅអំឡុងពេល នៃការរង់ចាំឡានពេទ្យ ដឹកយកទៅសម្រាក និងព្យាបាល ស្រាប់តែនាយពាង ចាប់ផ្ដើមធ្វើទុក្ខខ្លាំងនៅថ្ងៃទី២៩ ខែមិថុនា ហើយមកដល់ព្រឹកនេះស្រាប់តែគ្រួសារនាយពាង ប្រាប់ថាលោកបានស្លាប់ហើយ។
លោក អ៊ឹម ជីវ៉ា ដែលធ្លាប់នាំយកអំណោយ និងថវិកាជូនដល់តារាកំប្លែងរូបនេះផងនោះ មិនបានបញ្ជាក់ថា ក្រៅពីនាយពាង ដែលបានស្លាប់ មានសមាជិកគ្រួសារសរុបប៉ុន្មាននាក់ ហើយពួកគេកំពុងមានស្ថានភាព បែបណានោះទេ? គិតត្រឹមម៉ោង១០ ថ្ងៃទី១ ខែកក្កដា នេះ Sabay ក៏មិនទាន់រកប្រភពទាក់ទងសមាជិកណាម្នាក់របស់នាយពាង ដើម្បីសុំការអត្ថាធិប្បាយ បន្ថែមជុំវិញករណីនេះនៅឡើយទេ ៕