“អស់ស្លូតត្រឹមខ្ញុំហើយ” នេះគឺជាពាក្យរបស់តារាសម្ដែង និងជាអតីតម្ចាស់ជយលាភីលេខ១ ក្នុងកម្មវិធីMiss Grand Cambodia 2020 កញ្ញា សេង រដ្ឋា។ ពាក្យនេះ អាចបង្ហាញពីអត្តចរិតពិតរបស់កញ្ញាមួយដែរ ដោយកន្លងទៅគេនៅចាំបានថាសេង រដ្ឋា មានរឿងអន់ចិត្តជាមួយអ្នករៀប ចំកម្មវិធីនេះរហូតដល់បដិសេធមិនទទួលយកតំណែងលេខ១ ហើយសុខចិត្តដើរចេញ ដោយលាក់កប់យ៉ាងជ្រៅ នូវរឿងអន់ចិត្តនោះរហូតដល់សព្វថ្ងៃ។
រឿងរ៉ាវរវាងអគ្គនាយកក្រុមហ៊ុន មហាហង្សលោក អ៊ិន សុភិន និងកញ្ញា សេង រដ្ឋា បានបញ្ចប់ទៅដោយកិច្ចសន្យារួមមួយនៅចំពោះមុខមេធាវី។ ដូច្នេះរឿងរ៉ាវចាស់ៗ ឬរឿងទាក់ទងនឹងលោក អ៊ិន សុភិន កញ្ញាសុំមិននិយាយទាំងអស់បើទោះបីជាមានការជជីកសួរជាច្រើនដងពីអ្នកសារព័ត៌មាន។
ប៉ុន្ដែនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះ កញ្ញា សេង រដ្ឋា ប្រាប់Sabay ថា កញ្ញាជាសិល្បការិនី ទើបប្រឡូកចូលក្នុងវិស័យសិល្បៈផ្នែកសម្ដែង និងដើរម៉ូត តែកញ្ញាបានជួបរឿងរ៉ាវច្រើន ជាមួយផលិតករ។ កញ្ញាថា ក្រៅពីរឿងចំនួនពីរដែលកំពុងថតឲ្យទូរទស្សន៍PNN កញ្ញាក៏មានផលិតកម្មផ្សេងមកទាក់ទងថតដែរតែកញ្ញាបដិសេធ។
សេង រដ្ឋា៖”ខ្ញុំមិនចង់បញ្ចេញឈ្មោះថា ផលិតករណាទេ តែមានផលិតករបីនាក់ ដែលធ្លាប់ហៅខ្ញុំទៅថត ហើយរហូតមកដល់ឥឡូវ មិនទាន់បើកលុយឲ្យផង។ តាំងពីហ្នឹងមក…ខ្ញុំដាក់Rule ខ្លួនឯងហ្មង! ថាមុនទទួលថតត្រូវមើលផលិតកម្ម និងមើលពេលវេលាខ្លួនឯងដែរ”។
មហាជន ជាពិសេសអ្នកគាំទ្រកញ្ញា សេង រដ្ឋា មានការងឿងឆ្ងល់ចំពោះការបញ្ចេញសារមួយ នៅលើបណ្ដាញសង្គម Instagram ថា”អស់ស្លូតត្រឹមខ្ញុំហើយ”។ សារនេះបានចេញក្រោយលោក អ៊ិន សុភិន ផ្ទុះរឿងជំពាក់លុយពិធីករ សុខ រ៉ាស៊ី ជិត២ម៉ឺនដុល្លារ ថ្លៃរៀបចំឆាកកម្មវិធីប្រកួតMiss Grand Cambodia 2020 មិនព្រមសង ហើយត្រូវលោក សុខ រ៉ាស៊ី លាតត្រដាង រហូតដល់ការព្រមានប្ដឹង ចាប់អគ្គនាយកក្រុមហ៊ុនមហាហង្សរូបនេះ ដាក់គុកទៀតផងនោះ៕