នៅពាក់កណ្ដាលខែកក្កដា កាលពី២០ឆ្នាំមុន តារាចម្រៀងសំឡេងពីរោះរណ្ដំចិត្ត មិត្តអ្នកស្ដាប់ស្ទើរគ្រប់ស្រទាប់ គឺអ្នកនាង ទូច ស៊ុននិច កំពុងមានវត្តមាន នៅឆាកប្រគំតន្ត្រី ក្នុងប្រទេសមួយនៅប៉ែកអឺរ៉ុប ដែលមានសេដ្ឋកិច្ចជឿនលឿន និងស៊ីវិល័យ។ នោះគឺប្រទេសហូឡង់ ហើយនៅថ្ងៃនេះ នាងថានឹងទៅកាន់ទីនោះម្ដងទៀត ក្នុងពេលឆាប់ៗនេះ។

តារាចម្រៀងស្រី ដែលកំពុងរស់នៅ និងព្យាបាលរបួស នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយពីជនមិនស្គាល់មុខ ប៉ុនប៉ងផ្ដាច់ជីវិតរបស់នាង នៅកម្ពុជា កាលពីពេលកន្លងទៅ អ្នកនាង ទូច ស៊ុននិច្ច បានបង្ហោះសារមួយ តាមបណ្ដាញសង្គម Facebook នៅថ្ងៃទី១៤ ខែកក្កដា ជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា៖ “ជួបគ្នាឆាប់ៗនៅប្រទេសហូឡង់”។

ទន្ទឹមនឹងការប្រាប់ដំណឹងថា នឹងទៅជួបអ្នកគាំទ្រនេះ ទូច ស៊ុននិច្ច ក៏បានបង្ហាញរូបថត អនុស្សាវរីយ៍មួយប៉ុស្ដិ៍ ជាមួយនឹងលោកប៉ា កាលពី២០ឆ្នាំមុន នៅលើទឹកដី នៃប្រទេសនេះដែរ៖ “រូបនេះថតជាមួយលោកប៉ា ពេលដែលនាងខ្ញុំទៅសម្ដែង នៅប្រទេសហូឡង់ឆ្នាំ២០០១។ នឹករលឹកដល់បងប្អូនទាំងអស់គ្នា“។ ទោះជាយ៉ាងណាអ្នកនាង មិនបានប្រាប់ពីកាលបរិច្ឆេទ ចេញដំណើរជាក់លាក់ និងគោលបំណង ធ្វើអ្វីទៀតនៅទីនោះទេ។

គិតត្រឹមឆ្នាំ២០២១ នេះ តារាចម្រៀង ទូច ស៊ុននិច មានវ័យ៤១ឆ្នាំហើយ។ អ្នកនាង បានប្រឡូកក្នុងវិស័យសិល្បៈ ផ្នែកចម្រៀងតាំងពីអំឡុងឆ្នាំ១៩៨៩ ហើយដៃគូចម្រៀង ដែលនាងច្រៀងនៅស្រុកខ្មែរ ញឹកញាប់កាលពីមិនទាន់ ជួបគ្រោះថ្នាក់នោះ មាន២រូប គឺលោក ណូយ វណ្ណេត និងលោក សួស សងវិចា។

ត្បិតថានាងមិនទាន់បាន ជាសះស្បើយពីមុខរបួស ដែលជនមិនស្គាល់មុខបាញ់នោះ ប៉ុន្តែនៅតែអាចច្រៀងតាមឆាកប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក និងនៅប្រទេសប៉ែកអ៊ឺរ៉ុបមួយចំនួនទៀត ដែលមានបងប្អូនខ្មែររស់នៅ ហើយតែងតែអញ្ជើញនាងឲ្យទៅច្រៀង៕ ប្រភព៖ សប្បាយ
