Kris Wu បានជួបប្រទះរឿងឈឺក្បាលជាថ្មីហើយ ក្រោយមានព័ត៌មានថា លោកពាក់ព័ន្ធនឹងករណីបៀតបៀន នារីៗក្មេងៗ ជាច្រើននាក់ ពីក្នុង Fan Club របស់ខ្លួន។
រឿងនេះដំបូងឡើយ កើតឡើងដោយសារ នារីជនជាតិចិនម្នាក់ ដែលមានអាយុ ១៩ឆ្នាំ ឈ្មោះ Du Meizhu បានចេញមុខលាតត្រដាងថា Kris បានចាប់នាង និងក្មេងស្រី៣០នាក់ផ្សេងទៀត។ នារីដដែលបានទម្លាយរឿងនេះ ទៅកាន់បណ្ដាញផ្សព្វផ្សាយ Wangyi ព្រមទាំងលម្អិត ពីរឿងមួយចំនួនទៀតផង។

ផ្អែកតាម Meizhu បាន្យដឹងថា Kris ចូលចិត្តរើសនារីក្មេងៗស្អាតៗ ដែលជា Fan របស់ខ្លួនឯង ហើយសុំជួបពួកគេ ក្នុងជំនួប Fan Meeting លក្ខណៈទ្រង់ទ្រាយតូចមួយ។ ពេលនោះហើយ ជាពេលដែល Kris បញ្ច្រកស្រាពួកក្មេងស្រីទាំងនោះ ឲ្យស្រវឹង ហើយចាប់រំលោភតែម្ដង។

ក្មេងស្រីៗ ដែលត្រូវបានជ្រើសយកនោះ សុទ្ធតែត្រូវបានគេប្រាប់ថា នឹងមានក្មេងស្រីផ្សេងទៀត មកដល់ដែរជាបន្តបន្ទាប់ ប៉ុន្តែពេលពួកគេ (ក្មេងស្រីដែលត្រូវបានគេជ្រើស) មកដល់បន្ទប់ ឃើញមានតែ Kris ម្នាក់គត់។ បន្ថែមពីលើនេះ ក៏មានការបញ្ជាក់ទៀតថា Kris មិនប្រើវិធីពន្យារកំណើតពេលរួមភេទ ជាមួយនឹងក្មេងស្រីទាំងនោះទេ។

Meizhu បានបង្ហើបទៀតថា Kris បានផ្ញើលុយចំនួន ៥០០ ០០០យ័ន (ខ្ទង់ ៧១ ១៥០ដុល្លារ) ឲ្យនាង ដើម្បីបំបិទមាត់ កុំឲ្យរឿងដែលខ្លួនប្រព្រឹត្តិ ត្រូវបែកធ្លាយ។ ទោះជាយ៉ាងណា នាងថា នាងបានប្រគល់លុយនោះ មួយចំនួនឲ្យ Kris វិញ ហើយនឹងផ្ញើលុយនៅសល់ផ្ទេរបង់រំលស់ ជាបន្តបន្ទាប់ ដោយសារតែការផ្ទេរនោះ មានចំនួនកំណត់។

នារីដដែលបន្ថែមថា នាងនិងជនរងគ្រោះផ្សេងទៀត បានបញ្ជូនភស្តុតាងជាច្រើន ទៅឲ្យប៉ូលីសចាត់ចែងរួចហើយ។ ចំណែកជនរងគ្រោះម្នាក់ ក្នុងចំណោមនោះ ត្រូវបានគេរកឃើញថា បានរំលូតកូន ក្រោយដឹងថា Kris មានជំងឺកាមរោគ (Sexually Transmitted Disease (STD))។

វិធីសាស្ត្រមួយទៀតរបស់ Kris ក្នុងការល្បួងក្មេងស្រីទាំងនោះ គឺ សន្យាថានឹងនាំពួកគេ មានឱកាសក្លាយជាតារាសម្ដែង។ ទោះជាយ៉ាងណា អ្វីដែលលោកសន្យានោះ ត្រឹមជាមធ្យោបាយ បោកបញ្ឆោតប៉ុណ្ណោះ។

ដោយសារពាក់ព័ន្ធនឹងករណីនេះ ទើបក្រុមហ៊ុនផលិតផល ថែរក្សាស្បែកនៅចិន គឺ KANS ដែលមាន Kris ជាតារាប្រចាំ បានបញ្ចប់កុងត្រារបស់ខ្លួន ជាមួយនឹង Kris បាត់ទៅហើយ។

ទាំងនេះជាអ្វី ដែលបានផ្ទុះក្លាយជាប្រធានបទក្ដៅ ពេញប្រទេសចិន ហើយពេលនេះគ្រប់គ្នា នៅរង់ចាំការបកស្រាយ និងការបញ្ជាក់ព័ត៌មានច្បាស់ការណ៍ បន្ថែមពីសាមីខ្លួន៕ ប្រភព៖សប្បាយ
