សិល្បៈ និង កម្សាន្ត

លោក នេត្រ ភក្ត្រា៖ ការដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅជា តំបន់រ៉ាមសារ ព្រោះតំបន់នេះបានផ្តល់ ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ 

លោកបន្តថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវបានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹកនិងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅក៏មានវត្តមាន សត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជាត្រយងខ្លួងស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើមដែលបានចុះមករកចំណីក្នុងតំបន់នេះ។

លោក នេត្រ ភក្ត្រា តាមរយៈហ្វេសប៊ុកក្រសួងបរិស្ថានឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹង ត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។

លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលបានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបរបស់វាដូចជា៖ សេវាកម្មផ្គត់ផ្គង់ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធាន    ពន្ធុ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត ​​​ សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកល បន្សុទ្ធទឹក ជាដើម សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ។ល។ 

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ទាំងនេះគឺបានបញ្ជាក់ពីសារៈសំខាន់ជាអន្តរជាតិរបស់តំបន់ការពារទេសភាពនេះ។ ដូចនេះទើប ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះទៅជាតំបន់  រ៉ាមសារដែលនឹងផ្តល់តម្លៃដល់តំបន់ដីសើមនេះជាអន្តរជាតិ»។ លោកបន្ថែមថា ក្រសួងរំពឹងថាការដាក់ តំបន់ការពារទេសភាពបឹងព្រែកល្ពៅនឹងធ្វើឡើងក្នុងពេលវេលាសមស្របខាងមុខនេះ។

ទាក់ទងនឹងសារៈប្រយោជន៍ លោកថា ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថាតំបន់ដីសើមនេះមានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសាដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស្វីស។ ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា៖ ១)បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់ នៃតំបន់ដីសើម ២)បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់​ក្នុងការគ្រប់គ្រងតំបន់ដីសើម ៣)មានការគាំទ្រកាន់តែច្រើនជាងមុនក្នុងការ ការពារនូវតំបន់ទាំងនោះក៏ដូចជាតំបន់នៅជុំវិញ ៤)បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុងនិងក្រៅប្រទេស ៥) ពង្រឹងកាលានុវត្តន៍ភាព​ ក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត​ និងអេកូទេសចរណ៍។

លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានបានថ្លែងថា ប្រទេសកម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩៩។ អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន ៣ សំខាន់គឺ ១)ការប្រើប្រាស់តំបន់ ដីសើមប្រកបដោយភាពឈ្លាតវៃ ២)កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និង ៣)កិច្ចសហការអន្តរជាតិ។ បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូល ជាតំបន់រ៉ាមសារមានចំនួន ២៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥លានហិកតា ដែលក្នុងនោះកម្ពុជាមានចំនួន ៥ កន្លែងសរុបមានផ្ទៃដីទំហំ ៤២.២៥៧ ហិកតា៕

Most Popular

To Top