ភ្នំពេញ៖ ពិធីការិនី ស៊ឹម សូលិកា ដែលជាទូទៅត្រូវបានទស្សនិកជន អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនទទួលស្គាល់ និងស្ញើចសរសើរអំពីភ័ព្វវាសនារបស់នាង ដែលកំពុងរស់នៅយ៉ាងមានសុភមង្គលបំផុតជាមួយស្វាមី គឺលោក អេង ឬទ្ធី ដោយក្នុងជីវភាពមានទ្រព្យសម្បត្តិស្ដុកស្តម្ភ ព្រមទាំងមានងារជាជំទាវទៀតផង ។
ជាមួយគ្នានេះដែរ អ្វីដែលតែងតែធ្វើឱ្យមហាជនស្ញើចសរសើរបំផុតនោះ គឺទៅលើទឹកចិត្តលោក អេង ឬទ្ធី ដែលស្រឡាញ់កូនស្រីតែម្នាក់គត់របស់អ្នកនាង ស៊ឹម សូលិកា ប្រៀបបានដូចជា កូនបង្កើតរបស់ខ្លួនយ៉ាងដូច្នេះដែរ ហើយលោក និងភរិយា ក៏តែងតែបំពេញបំណងគ្រប់យ៉ាង របស់កូនស្រីទាំងការសិក្សា និងរថយន្តទំនើប។ ហើយថ្មីៗនេះស្រាប់តែ អ្នកទាំងពីរបានធ្វើឱ្យមហាជនស្ញើច សរសើរកាន់តែខ្លាំងថែមទៀត បន្ទាប់ពីពួកគេ បានបង្ហាញគ្រោងផ្ទះវីឡាធំស្កឹមស្កៃមួយកន្លែង ដែលជាកាដូសម្រាប់កូនស្រី ។ នេះបើយោងតាមការសរសេរ នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ស៊ឹម សូលិកា យ៉ាងដូច្នេះថា “ជូនមេតូច Phirak Nochta មកមើលការដ្ឋានសំណង់របស់គាត់” ។
យោងតាមរូបថតគ្រោងផ្ទះវីឡា ដែលជាកាដូសម្រាប់កូនស្រីរបស់អ្នកនាង ស៊ឹម សូលីកា បានបង្ហាញឱ្យឃើញថា បានសាងសង់រួចរាល់ស្ទើរតែជាង ៥០ភាគរយទៅហើយ ប៉ុន្តែអតីតតារាសម្ដែងស្រីដៃគូជាមួយលោក ព្រាប សុវត្ថិ រូបនេះ មិនបានបញ្ជាក់ពីខ្ទង់ចំណាយក្នុងការសាងសង់ឡើយ ។
សូមបញ្ជាក់ដែរថា កូនស្រីរបស់អ្នកនាង ស៊ឹម សូលិកា មានឈ្មោះ សុកាន ភីរៈណុច ជាដំណត់ឈាមរួមគ្នាជាមួយលោក សៅ ភីរៈ មុនពេលលែងលះគ្នា ។
ក្រោយលែងលះគ្នា អ្នកនាង ស៊ឹម សូលីកា ក៏បានមានទំនាក់ទំនងស្នេហា ជាមួយលោកអេង ឬទ្ធី ហើយដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ។ គេសង្កេតឃើញថា ទោះលែងលះគ្នា ហើយមានប្ដីប្រពន្ធរៀងខ្លួន ក៏ពិតមែន តែគ្រួសារគេទាំងពីរនេះ នៅតែស្រឡាញ់ រាប់អានគ្នា ដូចបងប្អូនអ៊ីចឹង ។ ចំណែកលោក អេង ឬទ្ធី ក៏ស្រឡាញ់ កូនស្រីប្ដីមុន ប្រៀបដូចជា កូនបង្កើតរបស់ខ្លួន យ៉ាងដូច្នេះដែរ ៕
ដោយ៖ ម៉ានី








