នារីស្បែកខ្មៅម្នាក់ឈ្មោះ Su Ivey ដែលរស់នៅឯនាយសមុទ្រ បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួន មួយបទមានចំណងជើងថា “Tiger Balm” ដែលមានបង្កប់នូវអត្តសញ្ញាណរបស់ខ្មែរ ស្របពេលនាងថា នាងមិនចង់ឲ្យបាត់រសជាតិ របស់ខ្មែរនៅក្នុងនេះឡើយ ។
បទ “Tiger Balm” បានចេញផ្សាយ នៅលើយូធូបកាលពីពេលថ្មីៗនេះ ដោយបានធ្វើឲ្យប្រិយមិត្ត មួយចំនួនបានភ្ញាក់ផ្អើល ក្នុងនោះកញ្ញា សំ ថារ័ត្ន សិល្បការិនី និងជាអត្តពលិក មួយរូបក៏សរសើរដែរថា “ពីរោះ” ។
តាមរយៈបទចម្រៀង ដែលមានចំណងជើងប្លែកនេះ សាមីខ្លួនតារាចម្រៀងបានឲ្យដឹងថា នាងធ្វើបទចម្រៀងនេះ ដោយចង់បង្ហាញថានាងជានរណា មកពីណា?។ Su Ivey បញ្ជាក់ថា តាមពិត នាងគឺជាជនជាតិ ស្បែកខ្មៅកាត់កម្ពុជា ដែលបានធំធាត់នៅក្នុងផ្ទះមួយ ដែលជួបការប្រឈម ជាច្រើន នៅក្នុងប្រទេសកម្ពុជា ហើយនេះជាហេតុផល ដែលនាងធ្វើបទចម្រៀង ខាងលើនេះឡើយ ។
“ខ្ញុំចង់ធ្វើឱ្យប្រាកដថា ខ្ញុំបានបង្ហាញ រឿងនេះនៅក្នុងបទចម្រៀង របស់ខ្ញុំ ដែលវាមិនដែលបាត់បង់រសជាតិ ជាខ្មែរដែលមាននៅក្នុងខ្លួន ខ្ញុំនោះទេ Akoun(អរគុណ)”។ Su Ivey ។
ដូចនឹងការអះអាង ក្នុងបទនេះ គេបានលឺ Su Ivey បានព្យាយាមច្រៀង ជាភាសាខ្មែរ និយាយខ្មែរ និងរៀបរាប់រឿងជាច្រើនទៀត ដែលជាអនុស្សាវរីយ៍របស់នាងជាមួយកម្ពុជា ។
ហេតុដូច្នេះហើយ កូនខ្មែរពាក់កណ្ដាលនេះ រូបនេះទទួលបានការគាំទ្រ យ៉ាងច្រើន ក្នុងនោះប្រិយមិត្តខ្លះ បានលើកឡើងថា រូបគេមានមោទកភាពជាមួយនឹងតារាចម្រៀង ស្បែកខ្មៅរូបនេះ បើទោះនៅទីណា ក៏មិនភ្លេចកំណើតដើមរបស់ខ្លួន ។ បន្ថែមពីលើនេះ ក៏មានទាំងបងប្អូនខ្មែរ-កម្ពុជាក្រោម ខ្លះទៀត ក៏ចូលមកសរសេរសារ ក្នុងន័យដូចគ្នាដែរថា រូបគេក៏មិនដែលភ្លេចថាខ្លួនជា “ខ្មែរ” ដូចគ្នា។ ដូច្នេះហើយពួកគេក៏មោទកភាព នឹងតារាចម្រៀង វ័យក្មេងខាងលើខ្លាំងណាស់ !