ភ្នំពេញ ៖ អាណា រ៉ូស គឺជាតារាសម្ដែងស្រី រលកក្រោយ ម្នាក់ ដែលកំពុងមានមុខមាត់ខ្លាំង នៅលើវីដេអូត្រូល ពីសំណាក់ទំព័រហ្វេសប៊ុក ត្រូលជាច្រើនក្នុងប្រទេស ។ ហើយមិនតែប៉ុណ្ណោះ នាងក៏មានរឿងអាស្រូវច្រើនគួរសមដែរ ចាប់តាំងពីឈានជើងចូលសិល្បៈបានប្រហែល ២-៣ ឆ្នាំមកនេះ ។
ជាមួយគ្នានេះដែរ ប៉ុន្មានថ្ងៃចុងក្រោយនេះ រូបរបស់ រ៉ូស ជាច្រើនសន្លឹកបានក្លាយជាប្រធានបទថ្មីមួយ នៅលើបណ្ដាញសង្គម ហើយប្រធានបទលើកនេះ ក៏មិនខុសពីប្រធានបទមុនៗឡើយ ពោលគឺការបន្តោសបង្អាប ទៅលើមុខមាត់របស់នាង និងប្រៀបធៀប មុខមាត់របស់នាង ទៅតួអង្គនៅក្នុងភាពយន្តប្រភេទ Animation ជាដើម ។
រូបថតប៉ុន្មានសន្លឹករបស់ រ៉ូស ដែលកំពុងល្បីពេញបណ្ដាញសង្គមនេះដែរ ទំនងនាងថតក្រោយពេលវះកាត់ កែសម្ផស្សភ្លាមៗ ដូច្នេះហើយទើបស្នាមរបួស មិនទាន់ជាសះ មើលទៅដូចជាមនុស្ស ពីរនាក់ផ្សេងគ្នា ។
ទាក់ទងជាមួយគ្នានេះដែរ ជុំវិញនឹងការបន្តោសបង្អាប់ មកលើរូបសម្បត្តិនេះ កញ្ញា អាណា រ៉ូស ក៏ធ្លាប់បានបញ្ចេញប្រតិកម្មមិនពេញចិត្ត ថែមទាំងគម្រាមថា នឹងប្ដឹងទៅលើជនដែលកាត់តរូបនាងថែមទៀតផង ។
យ៉ាងណាក៏ដោយ រហូតមកទល់ ពេលនេះ Lookingtoday នៅតែមិនអាចសុំការបញ្ជាក់ពីចំណាត់ការរបស់ រ៉ូស ទៅលើជនដែលយករូបថតនាង ទៅបន្តោសបង្អាប់លើហ្វេសប៊ុកបានឡើយ ដោយទូរស័ព្ទចូលហើយ តែនាងចុចបិទ ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលអ្នកលេងហ្វេសប៊ុកយករូបថតរបស់ អាណា រ៉ូស មកកាត់ត និងធ្វើ់ជាវីដេអូត្រូល ជាការលេងសើច ៕
ដោយ៖ ម៉ានី