សិល្បៈ និង កម្សាន្ត

ទីបំផុត! តារាចម្រៀង ខេម ព្រមដាច់ចិត្តបង្ហោះរូបថត ផ្អែមល្ហែម ជាមួយគូដណ្ដឹង លើហ្វេសប៊ុក ជាលើកដំបូង

ភ្នំពេញ៖ តារាចម្រៀង ខេម កំពុងត្រូវបានមហាជន អ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំង ក្រោយពីបានចេញដំណើរទៅកាន់ប្រទេសបារាំង កាលពីពេលថ្មីៗនេះ ជាមួយគូដណ្ដឹងរបស់លោក ។ ហើយការចាប់អារម្មណ៍នោះគឺត្រង់ថា លោក ខេម ជាតារាចម្រៀងម្នាក់តែងតែព្យាយាមលាក់បាំងអត្តសញ្ញាណគូដណ្ដឹងរបស់ខ្លួន បើគិតមកទល់ពេលនេះមានរយៈពេល ៣-៤ ឆ្នាំហើយ ។ 

ជាមួយគ្នានេះដែរ ក្រោយពីមានអ្នកគាំទ្រជាច្រើនអន្ទៈសារចង់ឃើញមុខនារីជាគូដណ្ដឹង ស្រាប់តែមុននេះ លោក ខេម ក៏បានបង្ហោះរូបថតអង្គុយយ៉ាងស្និទ្ធស្នាលជាមួយនារីម្នាក់ ដោយមានពាក់ម៉ាស់បិទមុខមើលពុំស្គាល់ថា ជានរណាឡើយ។  ប៉ុន្តែបើតាមការ Comment មួយចំនួនតូចពីសំណាក់អ្នកជិតសិទ្ធជាមួយម្ចាស់បទ «ទឹកភ្នែកក្មេងពាល» រូបនេះ បានឱ្យឃើញថា នារីម្នាក់នោះគឺជាគូដណ្ដឹងរបស់ ខេម នេះឯង ។

ជាការពិតណាស់ នេះគឺជាលើកទីមួយសម្រាប់តារាចម្រៀង ខេម ដែលបានបង្ហោះរូបថតជាមួយអនាគតភរិយា បង្ហាញជាសាធារណៈនៅលើហ្វេសប៊ុក ។ ដូច្នេះហើយ ទើបគេឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រមទាំងទទួលបានពាក្យជូនពរ យ៉ាងច្រើនផងដែរ ។ 

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ខេម បានធ្វើដំណើរទៅកាន់ប្រទេសបារាំងជាមួយគូដណ្ដឹងរបស់លោក ក្នុងគោលបំណងជូននាងទៅលេងឪពុកម្ដាយ ដែលមិនបានជួបគ្នាអស់រយៈពេល ២ឆ្នាំមកហើយ ក៏ដូចជាទៅពិភាក្សាការងារមួយចំនួនទាក់ទងនឹងមុខរបររកស៊ី ដែលបានចូលហ៊ុនគ្នាជាមួយសាច់ញាតិរបស់លោកនៅទីនោះផងដែរ ។ 

យ៉ាងណាមិញ ទោះជាលោកខេម ផ្ទាល់ក៏ទទួលស្គាល់ថា ខ្លួនកំពុងមានគូដណ្ដឹងហើយយ៉ាងណាក៏ដោយ ក៏លោកមិនដែលបានបង្ហាញមុខនារីម្នាក់នោះនៅលើបណ្ដាញសង្គម ដូចតារាឯទៀតដែរ ។ ដូច្នេះហើយទើបធ្វើឱ្យមហាជន អ្នកគាំទ្រជាច្រើនអន្ទះសារចង់ឃើញ និងចង់ដឹងថា តើគូណ្ដឹងរបស់លោក ខេម ស្អាតប៉ុនណាទៅ? ខណៈដែលកន្លងមកក៏ធ្លាប់លេចធ្លាយរូបថតនារីម្នាក់ ដែលគេសង្ស័យថា ជាគូរណ្ដឹងរបស់ ខេម ដែរ ប៉ុន្តែសម្រាប់ ខេម ផ្ទាល់ពុំដែលបញ្ជាក់ថា នារីម្នាក់នោះជាគូដណ្ដឹងរបស់ខ្លួនឡើយ ។ ហើយទើបតែថ្ងៃនេះលោក ខេម ក៏បានដាច់ចិត្តបង្ហោះរូបតែពីរនាក់ ប៉ុន្តែនៅតែមិនបានឃើញមុខនាងច្បាស់ដដែល ៕

ដោយ៖ ម៉ានី

Most Popular

To Top