ភ្នំពេញ ៖ អស់រយៈពេលមួយ រយៈធំ មកហើយ ដែលតារាសម្ដែង នៅ សូនីតា បានរសាត់ខ្លួនឆ្ងាយ ពីការងារសិល្បៈ ពោល គឺបន្ទាប់ពីសម្រាល បានកូនប្រុសម្នាក់ ជាមួយលោក ទិត្យ ថារិទ្ធ ។
ជាមួយគ្នានេះ បើក្រឡេកទៅមើលជីវិតរបស់ នៅ សូនីតា បានឱ្យឃើញថា ក្រោយពីបានចាប់ដៃ សាងស្នេហ៍ ជាមួយលោក ថាវរិទ្ធ ដែលជាអ្នកផលិតកម្ម វិធីល្បីឈ្មោះ និងកំពុងមានងារ ជាឯកឧត្ដមរួចមក ឃើញថា ជីវភាពរបស់នាង កាន់តែលេចធ្លោ រស់នៅប្រកបដោយសុភមង្គល និងកក់ក្ដៅបំផុត ។
ជារឿយៗតារាសម្ដែង និងជាតារាបង្ហាញម៉ូដខាងលើ តែងតែបង្ហាញពីស្នាមញញឹម របស់នាងជាមួយគ្រួសារ របស់នាងតាមរយៈបណ្ដាញសង្គមជានិច្ច ហើយសកម្មភាពទាំងនេះក៏មានអ្នកសិល្បៈជាច្រើន បានកោតសរសើរអំពីជោគវាសនារបស់ នៅ សូនីតា ដែលទទួលបានការស្រឡាញ់ ថ្នាក់ថ្នម និងលើកមុខមាត់ពីសំណាក់ លោក ទិត្យ ថាវរិទ្ធ និងទទួលងារជាជំទាវ ស្រីវ័យក្មេង ដោយស្វ័យប្រវត្តិផងដែរ បើទោះបីជាពួកគេ មិនទាន់ចូលរោងការ តាមប្រពៃណីខ្មែរជាផ្លូវការក្តី។
គួរឱ្យដឹងថា អ្នកនាង នៅ សូនីតា បានចាប់ផ្ដើមធ្វើឱ្យទស្សនិកជន ស្គាល់ច្រើនតាមរយៈការសម្ដែង MV ជាមួយលោក ខេមរៈ សិរីមន្ត ក្នុងបទចម្រៀង “ត្រឹមអ្នកកំប្លែង” “គឺស្រីជាអ្នកកំណត់ជីវិតបង” និង “ហ៊ានក្បត់មិនហ៊ានទទួល” នាកំលុងឆ្នាំ ២០០៩-២០១០ ។
បន្ទាប់ពីនោះមក នាងក៏មានឱកាសទទួល បានការងារជាច្រើនទាំងការងារសម្ដែង និងដើរម៉ូដ រហូតដល់នា កំលុងឆ្នាំ ២០១៨-២០១៩ ស្រាប់តែមានដំណឹងថា នាងមទំនាក់ទំនងស្នេហាជាមួយលោក ទិត្យ ថារិទ្ធ រហូតដល់មានកូនដំណក់ឈាម រួមគ្នាទៀតផង ។
យ៉ាងណាមិញ ក្រោយពីមានផ្ទៃពោះ នូវ សូនីតា និងលោក ទិត្យ ថារិទ្ធ បានបើកចំហរជាសាធារណៈ ដោយរួមរស់ជាមួយគ្នា យ៉ាងមានសុភមង្គល រហូតដល់បច្ចុប្បន្ន ៕
ដោយ៖ ម៉ានី