ចាប់ពីតាំងពីប្រកាស ដំណឹងលែងលះកាលពី ខែឧសភា មកដល់បច្ចុប្បន្ន Bill Gates បានផ្ទេរភាគហ៊ុនដ៏ច្រើនស្ថាប័ន ដែលគិតជាទឹកប្រាក់ ប្រមាណជា ៦ពាន់លានដុល្លារ ទៅកាន់អតីតភរិយា Melinda Ann French។ នេះបើយោងទៅតាម សារព័ត៌មាន Bloomberg ចេញផ្សាយដោយផ្អែកតាម របាយការណ៍ភាគហ៊ុនពី គណៈកម្មការមូលបត្រអាមេរិក (SEC)។
គួរដឹងថា កាលពី៤ថ្ងៃដំបូង ក្រោយប្រកាសដំណឹងលែងលះនៅ ខែឧសភា Bill Gates បានផ្ទេរភាគហ៊ុនមានតម្លៃ ៣ពាន់លានដុល្លារ ទៅឱ្យលោកស្រី Melinda French Gates។ បន្ទាប់មក ២សប្ដាហ៍ក្រោយទៀត គាត់ក៏ផ្ទេរភាគហ៊ុន មានតម្លៃ ៨៥០ដុល្លារ ទៅកាន់អតីតភរិយាបន្ថែមទៀត។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ មហាសេដ្ឋី Microsoft ក៏បានផ្ទេរភាគហ៊ុនបន្ថែម មានតម្លៃច្រើនជាង ២ពាន់លានដុល្លារ បន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថាភាគហ៊ុនជាច្រើន ដែលបានផ្ទេរទៅឱ្យអតីត ភរិយារបស់មហាសេដ្ឋី Bill Gates គឺជាភាគហ៊ុនផ្សេងៗគ្នាដូចជា ភាគហ៊ុនក្រុមហ៊ុនរថយន្ត AutoNation, ក្រុមហ៊ុនផលិត Deere & Co., ភាគហ៊ុនផ្លូវដែករបស់កាណាដា និងក្រុមហ៊ុនផ្សព្វផ្សាយ Grupo Televisa ដែលត្រូវបានផ្ទេរតាមរយៈ ក្រុមហ៊ុន វិនិយោគ Cascade Investment។
យ៉ាងណា អ្នកដែលនៅក្នុងក្រុមហ៊ុន Cascade Investment និងតំណាងឱ្យលោក Bill Gates សុំមិនអត្ថាធិប្បាយ អំពីការផ្ទេរភាគហ៊ុនទាំងនេះឡើយ។ បន្ថែមពីនេះ គួរដឹងថា Bill Gates ជាមហាមហាសេដ្ឋីទី៤ ដែលមានទ្រព្យសម្បតិសរុប ប្រមាណ ១៥២ពាន់លានដុល្លារ នេះបើយោងទៅតាម របាយការណ៍ពី Bloomberg Billionaires Index៕ ប្រភព៖ សប្បាយ