សិល្បៈ និង កម្សាន្ត

បែកបាក់ ស្នាមស្នេហ៍មិនទាន់បាន ២ខែផង ឥលូវនេះអ្នកនាង សុទ្ធ បញ្ចកា បង្ហាញមុខគូស្នេហ៍ថ្មីហើយ!

ភ្នំពេញ ៖ អ្នកនាង សុទ្ធ បញ្ចកា ក្រោយពីបានមានឈ្មោះ ជាជនរងគ្រោះក្នុងករណី អំពើហិង្សាក្នុងគ្រួសារ កាលពីប្រមាណជិត ២ខែមុននេះ ស្រាប់តែពេលនេះ អតីតថៅកែស្រី ផលិតកម្ម LD ខាងលើក៏បានបង្ហាញខ្លួន ជាមួយបុរសថ្មីម្នាក់ទៀត ដែលនាងហៅគេថា ជាអ្នកយកឈ្នះបេះដូងនាង ។

រូបថតមួយសន្លឹក ដែលបង្ហោះដោយអ្នកនាង សុទ្ធ បញ្ចកា បានបង្ហាញពីភាពផ្អែមល្ហែមរវាងនាង និងបុរសម្នាក់ ព្រមជាមួយសំណេរ ខ្លីមួយថា “ទោះជាយ៉ាងណា អ្នកឈ្នះបេះដូងខ្ញុំ! អរគុណដែលព្យាយាមការពារ ថែរក្សា និងស្រឡាញ់” ។

ទាក់ទងជាមួយ នឹងការបង្ហោះនេះផងដែរ ក៏បានធ្វើឱ្យមហាជន កាត់យល់បានថា ខណៈពេលនេះនាង សុទ្ធ បញ្ចកា ទំនងជារកបានអ្នកស្អំបេះដូងថ្មី ជំនួសលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ដែលជាអតីតគូស្នេហ៍ ហើយថែមទាំងបានប្រើប្រាស់ អំពើហិង្សា វាយដុំលើរាងកាយ នាងកាលពីអំឡុងពាក់កណ្ដាលខែ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ។ យ៉ាងណាក៏ដោយ សម្រាប់បុរស ដែលសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់អ្នកនាង សុទ្ធ បញ្ចកា នេះដែរ មិនមែនជាអ្នកនៅក្នុងរង្វង់សិល្បៈឡើយ ។

គួររំឮកថា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ អ្នកនាង សុទ្ធ បញ្ចកា បានទម្លាយសារ រៀបរាប់ពីសកម្មភាពហិង្សា វាយដំរាងកាយពីសំណាក់លោក អេដវីន ដែលជាគូស្នេហ៍មកលើរូបនាងយ៉ាងព្រៃផ្សៃ ។ អ្នកមេម៉ាយចាយរាងរូបនេះ ថែមទាំងប្រាប់ពីមូលហេតុដែរថា អំពើហិង្សាដែលបណ្ដាលឱ្យ នាងរងរបួសពេញរាងកាយនេះ ព្រោះតែលោក អេដវីន បានទៅទាន់នាងកំពុង នៅជាមួយបុរសម្នាក់ ដែលតាមពិតបុរសនោះ គឺជាគ្រូពេទ្យប្រចាំកាយ នាងប៉ុណ្ណោះ មិនមានទំនាក់ទំនង អ្វីឱ្យលើសពីនេះឡើយ ។

ក្រោយពីមានករណីខាងលើកើតឡើង បង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមហើយនោះ លោក អេដវីន ត្រូវបានសមត្ថកិច្ច នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

ពាក់ព័ន្ធជាមួយគ្នានេះ ក្រោយពី អ្នកនាង សុទ្ធ បញ្ចកា បង្ហាញមុខបុរសម្នាក់ដែលគេសង្ស័យជាគូស្នេហ៍ថ្មីរបស់នាង ក៏មានមិត្តភក្ដិ និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញសារជូនពរ ប៉ុន្តទន្ទឹមគ្នានេះក៏មានមតិខ្លះនៅតែរិះគន់ទៅលើនាង ដោយចោទថា ជាស្រីផិតក្បត់ ។ យ៉ាងណាមិញ ជុំវិញពាក្យរិះគន់របស់មហាជនមួយចំនួននេះផងដែរ អ្នកនាង បញ្ចកា ពុំបាននិយាយអ្វីច្រើនឡើយ តែនាងនឹង ធ្វើការផ្សាយផ្ទាល់ ដើម្បីបកស្រាយនៅវេលាយប់នេះ ៕

ដោយ៖ ម៉ានី

Most Popular

To Top