ភ្នំពេញ៖ ជឿជាក់ថា ច្បាស់ជាមានមហាជនមួយចំនួនធំធ្លាប់បានស្ដាប់បទចម្រៀង “ក្រវ៉ាន់សៀមរាប” ដែលជាបទចម្រៀងលេចធ្លោខ្លាំងរបស់ផលិតកម្ម រ៉ុក កាលពីអំឡុងប្រមាណ ១០ឆ្នាំមុន ហើយបទចម្រៀងនេះផងដែរច្រៀងដោយ អ្នកនាង អ៊ុត ចរិយា ។

អ្នកនាង អ៊ុត ចរិយា ជាអតីតតារាចម្រៀងមានប្រជាប្រិយភាពខ្ពស់ និងស្ថិតនៅជួរមុខគេក្នុងចំណោមតារាចម្រៀងស្រីនៅផលិតកម្មរ៉ុក ដូចជា កញ្ញា ផន ស្រីខួច អ្នកនាង សួស វីសា ជាដើម ប៉ុន្តែក្រោយពីផលិតកម្មមួយនេះបានបិទទ្វារ អ្នកនាង អ៊ុត ចរិយា មិនបានស្រវ៉ាទ្រនំថ្មី ដូចតារាចម្រៀងស្រីៗខាងលើឡើយ ដោយផ្ទុយទៅវិញសព្វថ្ងៃនេះនាងកំពុងសម្ងំរស់នៅឆ្ងាយពីសង្គមសិល្បៈ កសាងគ្រួសារយ៉ាងមានសុភមង្គលបំផុត ។

យោងតាមសកម្មភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក បច្ចុប្បន្ននេះអ្នកនាង អ៊ុត ចរិយា មានកូនចំនួនបីនាក់ ខណៈដែលសម្រស់របស់នាងហាក់ដូចជាមិនមានប្រែប្រួលខ្លាំងឡើយ ។ ដោយសារតែម្ចាស់បទ “ក្រវ៉ាន់សៀមរាប” រូបនេះ ផ្ដាច់ខ្លួនទាំងស្រុងពីសិល្បៈ ទើបនាងបានចាប់យករបរមួយដែលកំពុងពេញនិយមនោះគឺ របរលក់តាមអនឡាញ ។

សូមជម្រាបថា អតីតតារាម្រៀង អ៊ុត ចរិយា បានកសាងកេរ្តិ៍ឈ្មោះខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងផលិតកម្មរ៉ុក តាមរយៈបទចម្រៀងទោល និងរួមក្រុម ជាច្រើនបទដូចជា “ក្រវ៉ាន់សៀមរាប” “ខ្ញុំជាអ្នកណា” “ទឹកចិត្តភរិយា” និងបទ “កុលាបក្រៀម” ជាដើម ។

យ៉ាងណាមិញ ក្រោយពីផលិតកម្ម រ៉ុក បានបិទទ្វារទាំងស្រុង ស្រាប់តែវត្តមានរបស់នាង បានស្ងាត់ឈឹងសូន្យ មិនមានបង្ហាញនៅលើគម្របអាល់ប៊ូមចម្រៀងរបស់ផលិតកម្មណាមួយឡើយ ៕


ដោយ៖ ម៉ានី
