សិល្បៈ និង កម្សាន្ត

ថ្ងៃ​កំណើត ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ស្រាប់​តែ​ធ្លាយ​ដើមហេតុ​ ​ខ្មែរ​ក្រហម​យក​លោក និង គង់ សំអឿន ទៅ​សម្លាប់

ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០២១ ម្សិលមិញ គឺ​ជា​ខួប​គម្រប់​៨៨​ឆ្នាំ នៃ​ការ​ចាប់​កំណើត​ របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ដែល​កើត​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​១៩៣៣ នា​ខេត្ត​ស្ទឹងត្រែង ។ មាន​ការ​ជជែក​គ្នា​មិន​តិច​ទេ ​នៅ​លើ​បណ្ដាញ​សង្គម​ជុំវិញ​ស្នាដៃ​សិល្បៈ សំឡេង​ពីរោះ​គ្មាន​ពីរ និង​បាន​ជជែក​ពី​ថ្ងៃ​កំណើត​របស់លោកឡើងវិញ ប៉ុន្ដែ​អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​នោះ គឺ​គេនិយាយពីមរណភាព​របស់​លោក ។

ចៅ​កម្ពុជា ដែល​តែងតែ​បង្ហាញ​ ពី​ប្រវត្តិ​តារា​ចម្រៀង កវីនិពន្ធ និង​តារា​ភាពយន្ត ​បាត់បង់​ជីវិត​ជំនាន់​ដើម បាន​បង្ហោះ​សារ​ខ្លី​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​១​សន្លឹក​របស់​លោក ស៊ីន ស៊ីសាមុត ថា លោក ស៊ីន ស៊ីសាមុត បាន​កើត​នៅ​លើ​ទឹកដី​ ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​១៩៣៣ បើ​គិត​មក​ទល់​នឹង​ថ្ងៃ​នេះ គឺ​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០២១ មាន​រយៈ​កាល​៨៨​ឆ្នាំ​មក​ហើយ។ តាម​រយៈ​សារ​នេះ ​គេ​ឃើញ​ម្ចាស់​គណនី​Facebook ឈ្មោះ Makara Seng បាន​លាតត្រដាង​ពី​ជីវិត​ចុង​ ក្រោយ​របស់ ស៊ីន ស៊ីសាមុត ដ៏​សង្វេគ ។

Makara Seng សរសេរ​ថា លោក ស៊ីន ស៊ីសាមុត និង​លោក គង្គ សំអឿន ត្រូវ​បាន​គេ​យក​មក​សម្លាប់​នៅ​មន្ទីរ​ស-១៥ ឬ​មន្ទីរ​ពោធិ៍​ទន្លេ ស្ថិតនៅ​ស្រុក​កោះធំ ខេត្ដ​កណ្ដាលដូចគ្នា។ ប្រភព​ដដែល​នេះ​បន្ថែម​ថា៖ “លោក(ស៊ីន ស៊ីសាមុត) រស់​បាន​១​ឆ្នាំ ១​ខែ​ និង​១​ថ្ងៃ ទើប​កម្មាភិបាល​ជំនាន់​នោះ​ឈ្មោះ ម៉ារ៉ា យកទៅសម្លាប់ លោក(ស៊ីន ស៊ីសាមុត) បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៧៦។ រីឯ​លោក គង្គ​ សំអឿន វិញ​គេ​យក​ទៅ​សម្លាប់​មុន​គាត់….នៅ​ពេល​គេ​ហៅ​ឈ្មោះ​គាត់ គេ​ឲ្យ​គាត់​ច្រៀង ហើយ​គាត់​មិន​ច្រៀង ​ត្រូវ​គេ​វាយ​ដំ​នឹង​គល់​ឬស្សី ហើយ​ក្រោយ​មក​គាត់​បាន​ស្លាប់ ​ដោយ​កាំបិត​ចិត​ត្នោត ដោយ​កូន​ក្មេង​ខ្មែរ​ក្រហម​បួន​ទៅ​ប្រាំ​នាក់” ។

គិត​ត្រឹម​ម៉ោង​១០ ថ្ងៃ​ទី២៤ ខែ​សីហា នេះ Sabay មិន​ទាន់​អាច​ទាក់ទង​លោក សេង មករា ឬ​Makara Seng ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ លើ​អ្វី​ដែល​លោក​បាន​សរសេរ​នោះ ថា​វា​ជា​ការពិត​ដោយ​លោក​បាន​ឃើញ ​ហេតុការ​នោះ​ផ្ទាល់​ភ្នែក ឬ​មាន​អំណះអំណាង​អ្វី​ជុំវិញ​ដំណើរ​ចុងក្រោយ នៃ​មរណភាព​របស់​កំពូល​តារា​ចម្រៀង​ខ្មែរ គឺ​លោក ស៊ីន ស៊ីសាមុត នេះ ។

ប៉ុន្តែ​មាន​ប្រិយមិត្ដ​ភាព ​ច្រើន​បាន​ជឿលើ​ការ​អះអាង​នេះ ដោយ​លោក សេង មករា បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​កាល​បរិច្ឆេទ និង​ទីតាំង​សម្លាប់​តារា​ចម្រៀង ស៊ីន ស៊ីសាមុត និង​តារា​សម្ដែង​គង់ សំអឿន ៕

Most Popular

To Top