ភ្នំពេញ៖ តារាចម្រៀងសំនៀងផ្អែម នៅ ស៊ីនឿន ក្រោយពីបានភ្ជាប់ពាក្យជាមួយនារីអណិកជនខ្មែរ នៅអាមេរិកដ៏ស្រស់ស្អាត កាលពីអំឡុងចុងឆ្នាំ ២០១៨ រហូតមកទល់ពេលនេះ នៅមិនទាន់មានដំណឹងរៀបការនៅឡើយ ។

ទោះជាមិនទាន់មានដំណឹងរៀបការ យ៉ាងណាក៏ដោយ ក៏គេដឹងថា បច្ចុប្បន្ននេះ តារាចម្រៀង និងគូដណ្ដឹងរបស់របស់លោក ដែលមានឈ្មោះថា Dominique កំពុងរស់នៅក្រោមដំបូលផ្ទះតែមួយ ។ ហើយជាងនេះទៅទៀត ពួកគេក៏បានដាក់ទុនរកស៊ីជាមួយគ្នា ដូចជាបើកផាប់ (pub) មួយកន្លែងនៅចាក់អង្រែ និងថ្មីៗនេះកំពុងដំណើរការសាងសង់រីសត (resort) នៅលើទឹកដីខេត្តមណ្ឌលគិរីទៀតផង ។

បើយោងតាម ការបញ្ជាក់របស់ម្ចាស់បទ “បេះដូងឃ្លាតទ្រូង” កន្លងមកបានឱ្យដឹងថា គេបានស្គាល់នារីជាគូដណ្ដឹងរយៈពេល ១ឆ្នាំ មុនពេលសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ហើយជាមួយគ្នានោះដែរលោក នៅ ស៊ីនឿន ក៏បាននិយាយថា មានចំណុចជាច្រើន ដែលធ្វើឱ្យលោកបាក់ចិត្តស្រឡាញ់ខ្លាំងទៅលើគូដណ្ដឹងដូចជា នាងជាមនុស្សរួសរាយរាក់ទាក់ មិនប្រកាន់ច្រើន ជាពិសេសគឺចេះស្រឡាញ់គ្រួសាររបស់លោកតែម្ដង ។

សូមបញ្ជាក់ថា កាលពីដើមខែ ធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីតារាចម្រៀង នៅ ស៊ីនឿន ត្រឡប់មកពីប្រទេសកាណាដា ភ្លាម លោក ក៏បានរៀបចំពិធីភ្ជាប់ពាក្យធំមួយនៅគេហដ្ឋានរបស់លោក នៅក្រុងតាខ្មៅ ជាមួយនារីអាណិកជនខ្មែរ នៅអាមេរិក ។ ហើយពិធីនេះ ក៏មានវត្តមានសាច់ញាតិ ព្រមទាំងមិត្តភក្ដិទាំងក្រៅ និងរួមទ្រនំផលិតកម្មរស្មីហង្សមាសជាច្រើននាក់ផងដែរ ៕ ដោយ៖ ម៉ានី



