តារាសម្តែង ដួង ម៉ានិច និងថៃ អតិជាតិបុត្រ កាលពីម្សឹលមិញ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកទាំងពីរស្លៀក សំលៀកបំពាក់យ៉ាងស្រស់ស្អាត ថតមុខរោងការ ដែលនេះបញ្ជាក់ថាអ្នកទាំងពីរ ត្រៀមចូលរោងការឆាប់ៗនេះហើយ ។
បើក្រឡេកទៅមើល សកម្មភាពនៃការថតមុខរោងការ របស់អ្នកទាំងពីរវិញ ពោពេញទៅដោយស្នាមញញឹម យ៉ាងផ្អែមល្ហែម ក្នុងឈុតកូនក្រមុំកូនកំលោះ រហូតធ្វើឲ្យថៃអតិជាតិបុត្រ ទ្រាំមិនបាន ញ៉ោះ ម៉ានិច អៀនឡើងមុខក្រហម និយាយមិនចង់ចេញ ។ ក្នុងវីដេអូននេះដែរ ធ្វើឲ្យហ្វេនៗជាច្រើន ឡើងអៀន ព្រោះតែមួយគូរនេះ សាកសមគ្នា ពូកែយកចិត្តគ្នាបែបស្វីតៗ ដោយឌឺដងពាក្យក្នុងចិត្ត យ៉ាងផ្អែមល្អែម ឃើញហើយ ចង់មានដៃគូរជីវិត ដូចគូរនេះដែរ ។
ចំណែកហ្វេន ជាអ្នកគាំទ្រវិញ ពេលបានឃើញវីដេអូនេះ ខ្លះសរសើរថា សាកសមគ្នាណាស់ ទោះបីជាវ័យខុសគ្នា ក៏ដោយ ខ្លះថា អាយុមិនសំខាន់ អ្វីដែលសំខាន់ គឺក្តីស្រលាញ់មានឲ្យគ្នា ឯអ្នកខ្លះទៀតក៏បានជូនពរ ឲ្យអ្នកទាំងពីរស្រលាញ់គ្នា ដល់ចាស់កោងខ្នងរាងខ្លួន ។
រំលឹកផងដែរថា អ្នកទាំងពីរធ្លាប់បានច្រានចោល នូវព័ត៌មានពីទំនាក់ទំនងស្នេហាជាមួយគ្នា កាលពីចុងឆ្នាំ២០១៩ ដោយគ្រាន់តែជាមិត្តភាពតែប៉ុណ្ណោះ ប៉ុន្តែម្សិលមិញនេះ តម្រុយចេញកាន់តែច្បាស់ ស្របពេលពួកគេបានចេញមកថតសម្អាង ដែលតាមប្រភពពីសម្អាងការ គឺពួកគេមកថតរូប ទុកដាក់មុខរោងជ័យពួកគេ ខណៈពួកគេបានភ្ជាប់ពាក្យរួចហើយ ។
តាមប្រភពដដែល បាននិយាយក្នុងវីដេអូឡាយរបស់ខ្លួនថា ម៉ានិច និង បុត្រ គ្រោងរៀបការនឹងគ្នានៅឆ្នាំ ២០២២ ថ្ងៃទី ១២ ខែមករាខាងមុខ ។ ប៉ុន្តែសាមីខ្លួនទាំងពីរ នៅមិនទាន់សុំការស្រាយបញ្ជាក់ ដោយផ្ទាល់មាត់ពួកគេនៅឡើយ គិតត្រឹមព្រឹកម៉ោង ១០:០៥នាទី ថ្ងៃទី ២៦ សីហា ២០២១នេះ៕