ជាការពិតណាស់ សិង្ហបុរី គឺជាប្រទេសដ៏តូចមួយក៏ពិតមែន ប៉ុន្តែ មានលក្ខណៈពិសេសដ៏សម្បូរបែប ពោលគឺចាប់ពីផ្សារទំនើប រហូតដល់សណ្ឋាគារប្រណិតៗ ក៏ដូចជាកន្លែងញ៉ាំអាហារដ៏ប្លែកមាត់ជាច្រើនកន្លែង។
ក្រៅពីមានកន្លែងប្រវត្តិសាស្ត្រដ៏គួរឲ្យទាក់ទាញ និងចម្រុះគ្នាជាច្រើន សិង្ហបុរី ក៏ប្រជុំដោយកន្លែងដ៏ស្រស់ស្អាតជាច្រើន និងគួរឲ្យចង់ទៅកម្សាន្ត និងទស្សនាជាច្រើនកន្លែងផងដែរ ហើយប្រសិនបើអ្នកមានឱកាសបានធ្វើដំណើរទៅកាន់ប្រទេសកោះមួយនេះ លោកអ្នកគួរតែសាកល្បងទៅកម្សាន្តកន្លែងខាងក្រោមនេះ៖
កន្លែងទេសចរណ៍ថ្មី៣កន្លែងដែលកំពុងដំណើរ និងគ្រោងនឹងបង្កើតឡើង
១. សារមន្ទីរ Museum of Ice Cream
Museum of Ice Cream គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ថ្មីមួយកន្លែង ដែលកំពុងតែដំណើរការរួចជាស្រេច ហើយសារមន្ទីរនេះ មានលក្ខខណៈដូចគ្នាស្ទើរតែទាំងស្រុងជាមួយនឹងសារមន្ទីរនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
Museum of Ice Cream ដែលមានទីតាំងនៅក្បែរឧស្យាន Botanic Gardens គឺជាសារមន្ទីរដំបូងគេដែលត្រូវបានបើកឲ្យដំណើរក្រៅពីលើទឹកដីសហរដ្ឋអាមេរិក និងមានភាពទាក់ទាញជាពិសេស ដោយសារតែការចនាដ៏ប្លែកភ្នែករបស់សារមន្ទីរនេះ។
២. កន្លែងកម្សាន្ត Slingshot
Slingshot ដែលមានទីតាំងស្ថិតនៅតំបន់ Clarke Quay គឺជាកន្លែងកម្សាន្តដ៏គួរឲ្យទាក់ទាញមួយ និងមានកម្ពស់ខ្ពស់បំផុតនៅសិង្ហបុរី ហើយនៅទីនេះ លោកអ្នកនឹងទទួលបានបិទពិសោធតាមរយៈការជិះកង់រំអិលដ៏រំភើប និងញាប់ញ័រ ពោលគឺការជិះឡើង និងចុះ ដ៏គួរឲ្យទាក់ទាញ ខណៈដែលកន្លែងកម្សាន្តនេះ គ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។
៣. ប៉ម SkyHelix Sentosa
នេះគឺជាកន្លែងកម្សាន្តថ្មីទី៣ ដែលគ្រោងនឹងបើកឲ្យដំណើរការនៅឆ្នាំ២០២២ ខណៈដែលលោកអ្នកនឹងមើលឃើញទស្សនីយភាពនៅជុំវិញតំបន់ Sentosa ទាំងមូល ក៏ដូចជា Southern Waterfront ពេលនៅស្ថិតនៅលើកំពូលប៉ម SkyHelix Sentosa។
ក្រៅពីកន្លែងកម្សាន្តថ្មី៣ខាងលើ សិង្ហបុរី ក៏មានតំបន់ដ៏គួរឲ្យទាក់ទាញជាច្រើនផ្សេងទៀតដូចជា៖
១. រមណីយដ្ឋាន Marina Bay Sands
រមណីយដ្ឋាន Marina Bay Sands ដែលស្ថិតនៅចំពីមុខសេះសមុទ្របាញ់ទឹក Merlion Park ប្រមូលផ្តុំទៅដោយសណ្ឋគារយ៉ាងប្រណិត និងមានកម្ពស់ខ្ពស់ ផ្សារទំនើបអមដោយទន្លេសងខាង និង Marina Bay Sands Skypark Observation Deck ដែលជាចំណុចសម្រាប់ការចេញដំណើរកម្សាន្តទូទាំងទីក្រុង។
នៅឯរមណីយដ្ឋាននេះ ក៏មានសារមន្ទីរដ៏ស្រស់ស្អាត ArtScience ផងដែរ ដែលអាចក្លាយជាពិភពលោកនាពេលអនាគត ដោយសារតែប្រមូលផ្តុំដោយសិល្បៈគំនូរ ក៏ដូចជាវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលពេញនិយមក្នុងការផ្តិតយករូបភាពបង្ហោះលើបណ្តាញសង្គម ផងដែរ។
២. សួនឧស្យាន Gardens by the Bay
នេះគឺជាកន្លែងកម្សាន្តមួយដែលត្រូវបានរចនាក្រោមការច្នៃប្រឌិតតាមគំនិតបរិស្ថានបៃតង ហើយច្បាស់ណាស់ថា លោកអ្នកប្រាកដជាមិនចង់រំលងកន្លែងកម្សាន្តដ៏គួរឲ្យទាក់ទាញនេះឡើយ។
សួនឧស្យាននេះ ដែលស្ថិតមិនឆ្ងាយពី Marina Bay Sands នោះ នឹងធ្វើឲ្យលោកអ្នកទទួលបាននូវទស្សនីយភាពដ៏ជាត្រជាក់ភ្នែក ជាមួយនឹងរុក្ខជាតិ និងព្រៃឈើពណ៌បៃតង ដែលខុសពីទិដ្ឋភាពនៅក្នុងទីក្រុង។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនេះ ក៏មានរចនាជាសួនដែលមានដើមឈើសិប្បនិម្មិត Supertree ក៏ដូចជាសំណង់អគារដែលមានដំបូលមូលចំនួន២ជាប់គ្នាដ៏គួរឲ្យទាក់ទាញផងដែរ។
៣. សួនផ្កា Botanic Gardens
សួនឧស្យាននេះ មានសម្រស់មិនចាញ់សួនឧស្យាន Gardens by the Bay ឡើយ ដោយរមណីយដ្ឋាននេះ ត្រូវបានចុះក្នុងបញ្ជីបិតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដោយសារតែភាពល្អឥតខ្ចោះធម្មជាតិ និងការប្រមូលផ្តុំដោយដើមឈើធំៗ។
សួននេះ សម្បូរទៅដោយផ្កាអ័រគីដេ និងប្រជុំដោយសត្វមានជីវិតជាច្រើន ហើយសូម្បីតែសម្តេចគតិបណ្ឌិតប៊ុនរ៉ា ហ៊ុនសែន របស់យើង ក៏ធ្លាប់ទៅទស្សនកិច្ចនៅទីនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សួនផ្កាអ័រគីដេមួយ នៅទីនោះ ត្រូវបានដាក់ឈ្មោះថា «Arachnopsis Hun Sen Bun Rany»។
៤. សួនសត្វ Singapore Zoo
ក្នុងនាមជាសួនសត្វព្រៃទឹកភ្លៀងដ៏ល្អបំផុតក្នុងពិភពលោក Singapore Zoo គឺជាកន្លែងដ៏គួរឲ្យទាក់ទាញ ខណៈដែលសួនសត្វនេះ មានភាពស្រស់ស្អាត ហើយសត្វវិញក៏ត្រូវបានចិញ្ចឹមបានយ៉ាងល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សួនសត្វនេះស្ថិតនៅមិនឆ្ងាយពីសួនសត្វ Night Safari និង River Safari ឡើយ ហេតុនេះ អ្នកដំណើរអាចចំណាយពេលពេញ១ថ្ងៃដើម្បីដើរកម្សាន្ត និងទស្សនកិច្ចសួនសត្វទាំង៣បានយ៉ាងរីករាយ។
៥. ឆ្នេរ Sentosa Island
សិង្ហបុរី មិនមានភាពល្បីល្បាញខ្លាំងទៅលើឆ្នេរសំមុទ្រឡើយ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់សម្រាកលំហែរនៅក្រោមកម្តៅព្រះអាទិត្យ Sentosa Island គឺជាកន្លែងដ៏សក្តិសមបំផុត ដោយកន្លែងនេះមានទេសភាពដ៏ស្រស់ស្អាត ហើយភ្ញៀវទេសចរណ៍ក៏អាចលេងបាល់ទះលើឆ្នេរខ្សាច់នៅលើទីលានដោយឥតគិតប្រាក់បានផងដែរ។
ក្រៅពីឆ្នេរសមុទ្រ Sentosa Island ក៏មានកន្លែងដ៏ស្រស់ស្អាតជាច្ច្រើនទៀតក្នុងការទៅទស្សនាផងដែរ ដោយលោកអ្នកក៏អាចធ្វើដំណើរកម្សាន្តទៅកាន់ Universal Studios ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាត ទៅអាងទឹក SEA Aquarium ដើម្បីមើលជីវិតសត្វក្នុងសមុទ្រ និងទៅកាន់ឧស្យាន Mega Adventure Park ដើម្បីជិះខ្សែរ៉ត ជាដើម។
៦. កង់រង្វិល Singapore Flyer
ប្រសិនបើលោកអ្នកចង់ទស្សនាទេសភាពមាត់សមុទ្រឲ្យកាន់តែច្បាស់ល្អ លោកអ្នកអាចសាកល្បងជិះ Singapore Flyer ដើម្បីផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាតទាំងនោះឲ្យកាន់តែច្បាស់។
៧. ទីក្រុងចិន ឬ Chinatown
ប្រសិនបើលោកអ្នកធ្លាប់ទៅដើរកម្សាន្តនៅប្រទេសចិន តំបន់ Chinatown នៅសិង្ហបុរី នឹងធ្វើឲ្យលោកអ្នកទទួលអារម្មណ៍ថា ដូចបានទៅដើរកម្សាន្តនៅចិនម្តងទៀតអ៊ីចឹង។ ក្រៅពីមានទំនិញ និងចំណីអាហារដ៏សម្បូរបែប លោកអ្នកក៏អាចទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបេតិកភណ្ឌ (Chinese Heritage Centre) និងមើលប្រាសាទ Sri Mariamman Hindu។
ក្រៅពីតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ខាងលើនេះ លោកអ្នកក៏ធ្វើដំណើរកម្សាន្តជាច្រើនទៀតដូចជា Merlion Park ដែលមានរូបសេះសមុទ្រជានិមិត្តសញ្ញាប្រទេសសិង្ហបុរី SuperPark, Nerf Action Xperience និង Fragment Room ជាដើម៕ប្រភព៖http://sabay