សិល្បៈ និង កម្សាន្ត

បាត់មុខច្រើនឆ្នាំ តើសុខទុក្ខ លោក ម៉េង ប៊ុនឡូ យ៉ាងណាហើយ?

ភ្នំពេញ៖ បើរំឭកកាលពីជាង ១០ឆ្នាំមុន ខណៈដែលផលិតកម្ម SSB និង 9Star នៅដំណើការ ដែលមានលោក ហ្វៃ សំអាង ជាចាងហ្វាង តារាចម្រៀង ម៉េង ប៊ុនឡូ ក៏ត្រូវបានមហាជនប្រុសស្រី ទទួលស្គាល់ថា ជាតារាចម្រៀងមានប្រជាប្រិយភាពខ្លាំងគួរសម ព្រមទាំងមានរូបសម្បត្តិស្រស់សង្ហារផងដែរ ។

ហើយក្រៅពីជាតារាមច្រៀងហើយនោះ លោកក៏មានទេពកោសល្យ ក្នុងការសម្ដែង រហូតដល់អាចចាប់យកដំណែង ជាតួឯកក្នុងរឿងកុនខ្នាតធំ ជាច្រើនរឿង ដូចជារឿង «ចៅពស់កេងកង»,«មនុស្សឬខ្មោច»,«នាង មច្ឆា» និងរឿងភាគ  «មន្តមាយា» ជាដើម ដែលកាន់តែធ្វើឱ្យតារាប្រុសរូបនេះ មានឈ្មោះបោះសំឡេងជាលំដាប់ ។ 

យ៉ាងណាមិញ ក្រោយពីផលិតកម្ម SSB ត្រូវបានបិទ លោក ម៉េង ប៊ុនឡូ ក៏បានបន្តអាជីពលើវិថីសិល្បៈដូចដើម រហូតដល់កំលុងឆ្នាំ ២០១៥ ឬ ២០១៦ លោកបានបង្កើតផលិតកម្មខ្លួនឯងឈ្មោះថា BBL Production និង ក្រុមហ៊ុន KS audio Professional Sound ដែលទទួលរៀបចំគ្រប់គ្រងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ។

ជាការពិតណាស់ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលវត្តមានរបស់លោក ម៉េង ប៊ុនឡូ បានរសាត់ឆ្ងាយចេញពីលើវិថីសិល្បៈ ហើយទន្ទឹមគ្នានោះគេក៏ដឹងថា ដោយសារក្រោយឆ្នាំ ២០១៦ ឬ ២០១៧ លោក បានទៅរស់នៅឯសហរដ្ឋអាមេរិក ដោយចាប់យកអាជីព ជាតារាចម្រៀងនៅទីនោះ ។ មិនតែប៉ុណ្ណោះ ម្ចាស់បទ «ចិត្តមារ»  រូបនេះ ថែមទាំងបង្ហាញពីជីវិតឯកជនរបស់លោក នៅលើប ណ្ដាញសង្គមដោយឱ្យឃើញថា លោកមានភរិយា និងកូនប្រុសម្នាក់អាយុ ១ឆ្នាំ រួចទៅហើយ ហើយក៏កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ នៅសហរដ្ឋអាមេរិកថែមទៀតផង ។

គួរឱ្យដឹងផងដែរថា មុនពេលចេញទៅរស់នៅ ឯសហរដ្ឋអាមេរិក លោក ម៉េង ប៊ុនឡូ ក៏មានតួនាទីជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ ១១ ផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top