ភ្នំពេញ៖ ម្ចាស់ពានកម្មវិធី “Cambodia Got Talent រដូវកាលទី១” យឿន ពិសី ក្រោយពីរៀបការ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជាមួយភរិយាដ៏ស្រស់ស្អាត គឺជាហ្វេនរបស់ខ្លួនរួចមក រហូតដល់បច្ចុប្បន្ននេះ ពួកគេទទួលបានចំណងដៃ កូនប្រុសម្នាក់ មានអាយុជិត ២ខែហើយ ។ ប៉ុន្តែអ្វីដែលគួរឱ្យរន្ធត់ចិត្តនោះ គឺកូនប្រុសរបស់ពួកគេ មានបញ្ហាភ្នែកពីកំណើត ដែលតម្រូវឱ្យវះកាត់ ព្យាបាលបន្ទាន់ ។
កូប្រុសរបស់ យឿន ពិសី មានឈ្មោះ យឿន វីរៈបុត្រ មានបញ្ហាឡើងបាយគ្រាប់ភ្នែក ពីកំណើត ហើយថ្ងៃនេះគឺជាថ្ងៃវះកាត់ព្យាបាល ។ នេះបើយោងតាមការបញ្ជាក់ របស់ យឿន ពិសី នៅលើគណនីហ្វេសប៊ុករបស់គេ ។ ហើយសម្រាប់លទ្ធផលវះកាត់ យ៉ាងណានោះ ពេលនេះមិនទាន់ដឹងឡើយ ដោយ Lookingtoday មិនទាន់អាចសុំការបញ្ជាក់ ពីសំណាក់ម្ចាស់ “Cambodia Got Talent រដូវកាលទី១” បានទេពេលនេះ ។
គួរបញ្ជាក់ថា យឿន ពិសី ដែលជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី ៧នាក់ នៃគ្រួសារមានស្រុកកំណើត នៅខេត្តកំពង់ចាម និងកូនក្រមុំមានឈ្មោះថា ហេង កក្កដា ដោយអ្នកទាំង២ បានចូលរោងជ័យ តាមប្រពៃណីខ្មែរ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ ២០២១ នៅគេហដ្ឋានខាងស្រី នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសម្តីរៀបរាប់ ពីសំណាក់ភរិយារបស់ យឿន ពិសី នៅក្នុងថ្ងៃមង្គលការ បានឱ្យដឹងថា ទំនាក់ទំនងស្នេហារវាងអ្នកនាង ជាមួយនឹងស្វាមី គឺលោក យឿន ពិសី ផ្តើមពីសេចក្តីស្រឡាញ់ ក្នុងនាមជាអ្នកគាំទ្រ និងអាយដល ៕ ដោយ៖ ម៉ានី