ភ្នំពេញ៖ តារាស្រីរូបស្រស់សោភា ខៀវ លីលី បើគិតមកទល់នេះ មានរយៈពេលខ្ទង់ជាង ៤ឆ្នាំហើយ ដែលមាននាង បានបាត់មុខពីលើឆាកសិល្បៈ ដែលជាហេតុនាំឱ្យមានចម្ងល់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសអ្នក ដែលធ្លាប់ទស្សនា ការសម្ដែងរបស់នាង មិនថាទាំងភាពយន្ត ឬ MV ឡើយ ។

ជាការពិតណាស់ តារាស្រី ខៀវ លីលី បានប្រឡូកសិល្បៈ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ហើយក៏ពុំធ្លាប់ជួបប្រទះរឿងអាស្រូវ ដូចតារាស្រីមួយចំនួនទៀតឡើយ ប៉ុន្តែក្រោយពីបានសាងប្រជាប្រិយភាពធំ តាមរយៈការសម្ដែង MV ជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត បទ «ជាតិនេះស្រឡាញ់តែអូនម្នាក់គត់» និងសម្ដែងជាតួឯកក្នុងរឿង «ចង្វាក់បេះដូង» កាលពីកំលុងឆ្នាំ ២០១៨ រួចមក វត្តមានរបស់នាង ក៏បានសូន្យឈឹងរហូតចេញពីអាជីពសម្ដែង ។

ទាក់ទងជាមួយគ្នានេះដែរ សម្រាប់ព័ត៌មានរបស់ស្រីស្អាតរូបនេះ ហាក់មិនសូវមានច្រើនឡើយ នៅតាមបណ្ដាញសារព័ត៌មាន នាពេលបច្ចុប្បន្ននេះ ដូច្នេះគេមិនដឹងថា នាងមានស្វាមីហើយ ឬយ៉ាងណាឡើយ ប៉ុន្តែបើតាមសកម្មភាពរបស់នាង លើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាអ៊ីនស្តាក្រាម ឃើញថា ពុំដែលឃើញ លីលី បង្ហោះរូបផ្អែមល្ហែម ជាមួយបុរសណាដែលគួរឱ្យសង្ស័យថា ជាគូស្នេហ៍នៅឡើយ ។

យ៉ាងណាមិញ បើទោះជាបច្ចុប្បន្នអតីតតារាចម្រៀង សមាជិកក្រុម ហាយក្លាស រូបនេះបានរសាត់ឆ្ងាយ ពីអាជីពសម្ដែងយ៉ាងណាក៏ដោយ ប៉ុន្តែនាងកំពុងមមារញឹក ជាមួយការងារថតប្រូម៉ូតផលិតផល ក៏ដូចជាការងារលក់ផលិតផល សម្រស់តាមអនឡាញផងដែរ ៕ ដោយ៖ ម៉ានី


