ភ្នំពេញ ៖ អ្នកនាង ខាត់ សុឃីម ខណៈដែលមុខជំនួញកាន់តែជោគជ័យ ជីវភាព ក៏កាន់តែហក់ឡើងខ្លាំង ដោយក្រៅតែពីមានផ្ទះ មានដីជាច្រើនកន្លែងហើយនោះ ក៏ មានរថយន្តទំនើបៗ ជិះជាច្រើនគ្រឿងផងដែរ ។ តួយ៉ាងថ្មីៗនេះនាង បានទទួលសមាជិកថ្មី ជារថយន្តទំនើប ស៊េរីខ្ពស់ម៉ាក Lexus មានតម្លៃខ្ពង់ជាង ២សែនដុល្លារឯនោះ ។
ជាការពិតណាស់ បើទោះបីមិនមានសកម្មភាព នៅក្នុងសិល្បៈដូចមុនក៏ពិតមែន តែតារាពហុជំនាញ ខាត់ សុឃីម មិនបារម្ភអ្វីឡើយដោយពេលនេះនាងបាន ងាកមកលក់ផលិតផល តាមអនឡាញដែលកំពុងដំណើរការយ៉ាងរលូន បន្ថែមពីលើមុខជំនួញផ្សេងៗទៀតដូចជា សម្អាងការ, វង់តន្ត្រីសម័យ-បុរាណ និងហាងសាឡន ជាដើម ។
ដោយសារតែភាពប៉ិនប្រសប់ក្នុងការរកស៊ី សង្កេតឃើញថា គ្រប់ជំនួញរបស់កូនស្រីច្បង ត្រកូលខាត់ រូបនេះ កាន់តែដើរទៅមុខជានិច្ច បើទោះជាមានការរាំង ស្ទះដោយសារវិបត្តិជំងឺកូវីដ១៩ យ៉ាងណាកូ៏ដោយ ។ ហើយអ្វីដែលជាទីអារម្មណ៍ របស់មហាជនកាលពីពេលថ្មីៗនេះ គឺក្រោយពីចាញ់បោកមិត្តភក្ដិ រឿងលក់រថយន្តអន់ឱ្យ ហើយខាតលុយអស់ខ្ទង់ម៉ឺនដុល្លារនោះ ស្រាប់តែឥលូវនេះ អ្នកនាង ខាត់ សុឃីម បានទិញរថយន្តថ្មីសន្លាងមួយគ្រឿង ដែលជាម៉ូឌែលពិសេសរបស់រថយន្ត Lexus LX570 នោះគឺរថយន្ត Lexus LX570 Kuro មានតម្លៃជាង ២សែនដុល្លារ សម្រាប់តម្លៃទីផ្សារក្នុងស្រុក ។
ជាមួយនឹងសមាជិកថ្មី ដែលមានតម្លៃខ្ពស់កប់ពពក របស់តារា ពហុជំនាញ ខាត់ សុឃីម ក៏ទទួលបានការចូលរួមត្រេកអរ ពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញ សង្គមជាច្រើន ។ ក្នុងនោះខាត់ សុឃីម ក៏បាន អរគុណដល់អតិថិ ជនដែលគាំទ្រផលិតផលរបស់ខ្លួន ក៏ដូចជាមហាជន ដែលបានលើកទឹកចិត្ត របស់នាងកន្លងមក ៕
ដោយ៖ ម៉ានី