ដូចដែលយើងបានដឹងស្រាប់ហើយថា សិង្ហបុរី គឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ដោយសារតែមានកន្លែងកម្សាន្តជាច្រើន ហើយក៏មានភាពល្បីល្បាញក្នុងនាមជាកន្លែងដើម្បីទិញឥវ៉ាន់ និងដើរកម្សាន្តនាពេលរាត្រី ផងដែរ។
ក្នុងនាមជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុត ភាពស្រស់ស្អាត និងទីកន្លែងកម្សាន្តជាច្រើនរបស់សិង្ហបុរី ទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ប្រភេទទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ កោះជាច្រើននៅក្នុងទីក្រុង Lion City មួយនេះ ក៏មានទេសភាពស្រស់ស្អាត និងលក្ខណៈពិសេសផងដែរ។
មិនថា លោកអ្នកចង់ទៅវិស្សមកាលជាលក្ខណៈគ្រួសារ ឬទៅក្រេបទឹកឃ្មុំ កោះទាំង៦របស់សិង្ហបុរីខាងក្រោមនេះ គឺជាកន្លែងដ៏ល្អឥតខ្ចោះក្នុងការទៅសម្រាកវិស្សមកាលប្រកបដោយការចងចាំ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ លោកអ្នកមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន ដើម្បីទៅកាន់កោះទាំងនោះឡើយ។
1. កោះ Sentosa ដែលជាកោះមានប្រជាប្រិយភាពបំផុត
ក្នុងនាមជាកោះមួយក្នុងចំណោមកោះដ៏មានប្រជាប្រិយភាពបំផុតនៅសិង្ហបុរី Sentosa គឺជាគោលដ៏រស់រវើក និងគួរឲ្យទាក់ទាញ។ ស្ថិតនៅមិនឆ្ងាយពីទីក្រុង លោកអាចធ្វើដំណើរទៅកាន់កោះ Sentosa តាមរយៈរទេះភ្លើង Sentosa Express ឬក៏ធ្វើដំណើរដោយថ្មើរជើងតាមស្ពាធដែលភ្ជាប់កោះ Sentosa និងសិង្ហបុរី ក៏បាន។
កោះ Sentosa ពិតជាទាក់ទាញ និងប្រមូលផ្តុំកន្លែកម្សាន្តជាច្រើនដូចជា សួនទឹក Universal Studio, Trick Eye Museum, SEA Aquarium ភោជនីយដ្ឋានដ៏សម្បូរបែប ហាងទិញឥវ៉ាន់ និងស្ប៉ា។ ក្រៅពីនេះ កោះ Sentosa នៅមានកន្លែងកម្សាន្ត និងសកម្មភាពដ៏គួរឲ្យទាក់ទាញជាច្រើនទៀតដូចជា កន្លែងលេងត្រីដុលហ្វិន ការធ្វើដំណើរផ្សងព្រេងដោយការជិះខ្សែរ៉ត ការលេងកីឡាលើឆ្នេរខ្សាច់ លោត Bungee និងជិះ Cable Car Sky Network ជាដើម។
2. កោះ Pulau Ubin ដែលជាកោះមានភាពល្បីល្បាញលើសម្រស់ធម្មជាតិ
មានទីតាំងស្ថិតនៅភាគខាងកើតនៃប្រទេសសិង្ហបុរី កោះនេះ គឺជាកន្លែងដ៏ល្អឥតខ្ចោះក្នុងការស្រូបយកខ្យល់បរិសុទ្ធ និងទស្សនាសម្រស់ធម្មជាតិ។ ខណៈដែលត្រូវបានគេស្គាល់ថា ជាកោះថ្មក្រានីត កន្លែងនេះ នឹងធ្វើឲ្យលោកអ្នកឃើញពីទស្សនីយភាពដែលមានលក្ខខណៈពិសេស និងអស្ចារ្យជាងគេ ហើយមិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចទៅកម្សាន្តនៅភូមិអ្នកស្រុកនៅទីនោះ ក៏ដូចជា សាកល្បងម្ហូបគ្រឿងសមុទ្រដ៏ឆ្ងាញ់ពិសានៅភោជនីយដ្ឋាន Smith Marine ជាដើម។
ក្រៅពីមានតំបន់ដីលិចទឹក ឆ្នេរដ៏ស្រស់ស្អាត និងប៉មដើម្បីមើលទេសភាព ប្រាសាទដ៏ល្បីល្បាញ Fo Shan Ting Da Bo Gong Temple ក៏ស្ថិតលើកោះ Pulau Ubin ផងដែរ។ ដើម្បីទៅលេងកោះនេះ លោកអ្នកត្រូវជិះទូករយៈពេលប្រមាណជា១៥នាទីប៉ុណ្ណោះពីទីក្រុងសិង្ហបុរី។
3. កោះ St. John ដែលជាកោះភាគខាត្បូងមានសម្រស់ដ៏ស្អាតបំផុតនៅសិង្ហបុរី
កោះ St. John គឺជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីសម្រាកលំហែរ និងទទួលយកភាពសប្បាយរីករាយនានា។ ខណៈដែលត្រូវបានគេស្គាល់កាលពីមុនថា ជាកោះ Pulau Sakijang Bendera កោះនេះ ធ្លាប់ជាមជ្ឈមណ្ឌលស្តារកាយនីតិសម្បរទា សម្រាប់អ្នកជំងឺ និងជាកោះមានឆ្នេរដ៏ស្រស់ស្អាតជាច្រើន។
4. កោះ Lazarus ដែលជាកោះដ៏ល្អសម្រាប់ការទៅកម្សាន្តពេលថ្ងៃ
ជាមួយនឹងការមានគ្រាប់ខ្សាច់សភ្លឺថ្លា ទឹកសមុទ្រពណ៌ខៀវថ្លាឈ្វេង និងដំណាំដូងប្រេងដាំជាជួរដាច់កន្ទុយភ្នែក កោះ Lazarus គឺជាកោះមួយក្នុងចំណោមកោះដ៏មានប្រជាប្រិយភាពបំផុតនៅសិង្ហបុរី បន្ទាប់ពីកោះ Sentosa។ មានផ្ទៃដី៤៧ហិកតា លោកអ្នកអាចធ្វើដំណើរទៅកាន់កោះ Lazarus យ៉ាងងាយស្រួល ខណៈដែលនៅលើកោះនេះ មានសត្វឆ្មាជាច្រើន និងជាកន្លែងដ៏ស្រស់ស្អាតសម្រាប់លោកអ្នកក្នុងថតយករូបភាពនានា ដើម្បីទៅបង្ហោះលើបណ្តាញសង្គម។
5. កោះ Kusu គឺជាកោះមានភាពល្បីល្បាញលើជំនឿ
កោះដ៏ស្រស់ស្អាតនេះ មានថ្មប៉ប្រះទឹកពណ៌បៃតង និងផ្កាថ្មដ៏ស្រស់ស្អាត រួមជាមួយនឹងសត្វសមុទ្រដែលមានរូបរាងដូចនឹងរូបរាងសត្វអណ្តើក និងមានឈ្មោះថា «kusu» ដែលមានន័យថា សត្វអណ្តើកជាភាសាចិន។ ទីកន្លែងគោរពបូជា៣កន្លែដែលរួមមាន Syed Abdul Rahman, Nanek Ghalib និង Puteri Fatimah ក៏ស្ថិតនៅលើកំពូលនៃកោះនេះផងដែរ។ ហេតុនេះ កោះ Kusu ត្រូវបានចាត់ទុកថា ជាកោះសម្រាប់ការគោរពបូជា សម្រាប់អ្នកកាន់សាសនាអុីស្លាម និងសាសនាតាវ។
6. កោះ Sister’s Island
នេះគឺជាកោះមួយក្នុងចំណោមកោះទាំង៦៣របស់សិង្ហបុរី ហើយជាមួយនឹងការមានទេសភាពដ៏ស្រស់ស្អាត ទឹកថ្លាដូចកញ្ចក់ និងផ្កាថ្មចម្រុះពណ៌ កោះ Sister ក៏ជាជម្រកសត្វសមុទ្រជាច្រើនផងដែរ ដូចជា លាសសមុទ្រ និងមឹក ជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា គេហៅថា កោះ Sister ដោយសារតែមានកោះ២ ឈ្មោះថា Subar Laut និង Subar Darat ដែលស្ថិតនៅក្បែរគ្នា ហើយនៅចន្លោះកោះទាំង២ មានប្រឡាយដ៏ជ្រៅមួយ។
កោះ Kusu, Lazarus, St john និង Sisters ត្រូវបានគេចាត់ទុកថា ជាកោះស្ថិតនៅភាគខាងត្បូង ហើយលោកអ្នកធ្វើដំណើរទៅកាន់កោះទាំងនោះបានដោយងាយតាមរយៈការជិះសាឡាង ពីកន្លែងជិះសាឡាង Marina South Ferry Terminal ហើយបច្ចុប្បន្ន ក៏មានក៏មានភ្ញៀរទេសចរទៅដើរកម្សាន្តនៅទីនោះផងដែរ។
មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតអំពីកោះ Christmas ដោយសារតែកោះនេះ ធ្លាប់ជាកោះរបស់សិង្ហបុរី ប៉ុន្តែ នៅឆ្នាំ១៥៩៧ កោះនេះត្រូវបានចក្រភពអង់គ្លេសលក់ទៅឲ្យរដ្ឋាភិបាលអូស្ត្រាលីវិញ។ នេះបើយោងទៅតាមសមាគមទេសចរណ៍កោះ Christmasនេះ៕
ប្រភព៖http://sabay