ភ្នំពេញ៖ អ្នកនាង ផន សុផារី អតីតតារាកំប្លែងរួមក្រុម ជាមួយនាយ ពាក់មី ចាប់តាំងពីរៀបការ កាលពីឆ្នាំ ២០១៧ រហូតមកទល់ពេលនេះ សង្កេតឃើញថា ជីវិតរបស់នាង ពោពេញទៅដោយសុភមង្គល បំផុតជាមួយក្រុមគ្រួសារ ដ៏តូចរបស់នាង ពោលគឺប្ដី និងកូនៗ២នាក់ ។

ជុំវិញជីវិតប្ដីប្រពន្ធដ៏ផ្អែមល្ហែមមួយគូ នេះផងដែរ ក៏មានបង្កប់នូវរឿងហួសចិត្តមួយ ដែលអ្នកនាង ផន សុផារី ទើបតែបានបង្ហើបកាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលរឿងនោះគឺមុនពេលរៀបការ និងក្រោយរៀបការ គ្រួទាយបានទាយថា គេទាំងពីរនាក់ខែឆ្នាំមិនល្អ។
កូនស្រីថៅកែល្ខោនដ៏ល្បី ឈ្មោះខាងលើនេះ បាននិយាយយ៉ាងដូច្នេះថា គ្រូទាយមុនពេលនាង និង ស្វាមីរៀបការ ថានាង និង ស្វាមី មានខែឆ្នាំមិនត្រូវគ្នា មិនល្អ មិនជួបគ្នាទេ មិនបានរៀបការទេ ។ ហើយដល់ពេលរៀបការបានកូន១ គ្រូទាយ ក៏ថា ពេលមានកូន១ នឹងបែកបាក់គ្នា ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្ននេះ អ្នកនាង ផន សុផារី និងស្វាមីមានកូនដល់ទៅ២នាក់ហើយ ហើយនៅតែស្រឡាញ់ល្អូកល្អិននឹងគ្នាដដែល ។

សារនេះដែរ អ្នកនាង ផន សុផារី ក៏បានពោលអប់រំ ទៅដល់គូស្នេហ៍ដទៃទៀត ឱ្យបានយល់ថា ហោរា !!! មិនមែនមិនជឿទេ ប៉ុន្តែ…បើនៅមានដង្ហើមដក មានភាពស្មោះត្រង់ អត់ធ្មត់ សង្កត់ចិត្ត យោគយល់ អាធ្យាស្រ័យ យល់ពីគ្នា បើកចិត្តឱ្យទូលាយឱ្យគ្នា ធ្វើអ្វីដែលសប្បាយចិត្ត (ដែលមិនមែនជាកំហុស) នោះប្រាកដជាអាចយកឈ្នះពាក្យទំនាយទាំងនោះបាន» ។

សូមបញ្ជាក់ថា ស្រីស្អាត ផន សុផារី បានរៀបការកាលពីកំលុងឆ្នាំ ២០១៧ ជាមួយប្ដីរបស់នាងឈ្មោះថា សុង សុវណ្ណារ៉ា ហើយរហូតមកទល់ពេលនេះគេទាំងពីរ បានទទួលចំណងដៃកូនស្រី ដ៏គួរឱ្យស្រឡាញ់២នាក់ និងកំពុងរស់នៅប្រកបដោយ សុភមង្គលបំផុត ផ្ទុយពីការទស្សន៍ទាយរបស់គ្រូហោរា៕ ដោយ៖ ម៉ានី


