ភ្នំពេញ៖ មានរយៈពេលច្រើនឆ្នាំណាស់មកហើយ ដែលពិធីការិនី និងជាតារាសម្ដែង ហ៊ិន ចាន់នីរ័ត្ន បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងអាជីពរបស់នាង ពោលគឺក្រោយពេលជាប់ជ័យលាភី កញ្ញាឯកលេខ១នៅក្នុងកម្មវិធី Freshie Girl&Boy ជំនាន់ទី៦ នៅកំលុងឆ្នាំ ២០០៧ ។
ជាមួយគ្នានេះដែរ សម្រាប់អាយុរបស់ស្រីស្អាតរូបនេះ បើគិតមកទល់ពេលនេះគឺ ៣១ ឆ្នាំហើយ ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍គឺសម្រស់របស់នាងនៅតែស្អាត ក្មេងជាងវ័យ ។ ហើយជាងនេះទៅទៀត នាងក៏ត្រូវបានគេកត់សម្គាល់ថា វ័យប៉ុននេះទៅហើយ នៅតែមិនទាន់បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈដូចតារាស្រី មួយចំនួននៅឡើយ ដែលជាហេតុនាំឱ្យអ្នកគាំទ្រឆ្ងល់ថា តើពេលនេះ ហ៊ិន ចាន់នីរ័ត្ន នៅតែមិនទាន់មានម្ចាស់ស្អំបេះដូងនៅឡើយទេ?
យ៉ាងណាមិញទន្ទឹមគ្នានេះដែរ ក៏មានមហាជនមួយចំនួនធំសង្ស័យថា ហ៊ិន ចាន់នីរ័ត្ន អាចកំពុងមានទំនាក់ទំនងស្នេហាជាមួយតារារៀមប្អូន ដែលជាអតីតម្ចាស់ជ័យលាភី Freshie Girls & Boy ដូចគ្នា គឺលោក សេង មង្គល ។
ទស្សនិកជនបានសរសើរថា ពួកគេពិតជាស័ក្តិសមគ្នាណាស់ ប្រសិនបើអ្នកទាំងពីរ បើកបេះដូងទទួលយកស្នេហា ពីគ្នានោះ រហូតមានអ្នកគាំទ្រ បានលើកឡើងថា តារាសម្តែងទាំងពីរមិនមែនស័ក្តិសម តែនៅក្នុងខ្សែភាពយន្តនោះទេ គឺពួកគេពិតជាចង់ឃើញរូបភាពស្និទ្ធស្នាល របស់អ្នកទាំងពីរឈានដល់ការស្វែងយល់ចិត្តគ្នា ក្នុងន័យស្នេហានោះផង។ កាន់តែចាប់ភ្លឹកថែមទៀតនោះ គឺក្រោយពីព្រឹត្តិការណ៍ប្រកួតកម្មវិធី Freshie Girls & Boy ជំនាន់ទី២០កាលពីចុងខែសីហាកន្លងទៅនេះ លោក សេង មង្គលថែមទាំងបានលូកដៃកៀកស្មា ប៉ះសាច់ហ៊ិន ចាន់នីរ័ត្ន គ្រាដែលនាងឡើង ទទួលយកពានFreshie Cambodia Hall of Fame នៅលើឆាក ដែលការប៉ះសាច់នេះបានធ្វើឲ្យនាងអៀនជាខ្លាំង គ្រាដែលទស្សនិកជនស្រែកហ៊ោអបអរសាទរនោះ។
គួរបញ្ជាក់ដែរថាតារាសម្តែង និងពិធីការិនី ហ៊ិន ចាន់នីរ័ត្ន គឺជាអតីតម្ចាស់ជ័យលាភី ជំនាន់ទី៦ក្នុងអំឡុងឆ្នាំ ២០០៧ នាងបានសាងភាពលេចធ្លោទាំងលើការសម្តែង និងការងារជាពិធីការិនី ខណៈដែលលោកសេង មង្គលក៏ជាតារាសម្តែងដ៏ស្រស់សង្ហា និងជាពិធីករដ៏មានមន្តស្នេហ៍ផងដែរ៕ ដោយ៖ ម៉ានី