ឪពុករបស់លោក ករុណា ពេជ្រ ដែលមានជំងឺជាច្រើនឆ្នាំ ក្លាយជាមនុស្សរុក្ខជាតិនោះ នៅព្រឹកនេះ មានដំណឹងចេញមកថាលោកបានលាចាកលោក ចោលកូនប្រុសទៅហើយ។

លោក ករុណា ពេជ្រ ខ្លួនឯងបានបញ្ជាក់ដំណឹងនេះ នៅលើបណ្ដាញសង្គមរបស់លោក ជាទីដែលលោករមែងចែកចាយ ពីរឿងរ៉ាវពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន និងស្ថានភាពរបស់ឪពុក។ លោកបានសរសេរថា “ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយសូមប៉ា ទៅអោយសុខ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…!”។
ប្រិយមិត្តជាច្រើនបានចូលមក សរសេរចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តលោក ករុណា ពេជ្រ ក្រោយគេឃើញតារាប្រុសរូបនេះ បានទួញសោកខ្លាំង។

កន្លងមកគេមើលឃើញថា លោក ករុណា ពេជ្រ បានបំពេញតួនាទី ជាកូនដ៏ល្អមួយរូប ដែលតែងនៅកៀកកិតមើលថែ ឪពុកមិនទំរុនឡើយ ដោយប្រើពេលរយៈប្រមាណ ៣ឆ្នាំមកហើយ។ ប៉ុន្តែទីបំផុត នៅតែមិនអាចរក្សាជីវិត អ្នកមានគុណបាន៕ Source: Sabay


